កក្រើក​! ក្លឹបយក្សសិង្ហបុរី Warriors FC ត្រូវសហព័ន្ធលុបចេញពីក្របខណ្ឌលីគរដូវកាល ២០២០

3980

សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) បានបញ្ជាក់ថាក្លឹបម្ចាស់ជើងឯកលីគកំពូល ៩ សម័យ​ Warriors FC នឹងអវត្តមានពីក្របខ័ណ្ឌលីគរដូវកាល ២០២០ នេះ។

សេចក្តីថ្លែងការណ៍របស់ FAS កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថាក្រុម Warriors បានជំពាក់បំណុលសុទ្ធចំនួន ១.១៥៨.២៤៩ ដុល្លារគិតត្រឹមចុងឆ្នាំ ២០១៨ ដែលជាស្ថានភាពមួយធ្ងន់ធ្ងរនៃបញ្ហាហិរញ្ញវត្ថុ ហើយត្រូវខកខានរដូវកាលឆ្នាំ ២០២០។ ក្លឹបបានជំពាក់ប្រាក់ខែបុគ្គលិក និងកីឡាករដែលតែងមានការប្តឹងពីបណ្តាអ្នកទាំងនោះជារឿយៗ ដែលជារួមវិបត្តិនេះកើតឡើងជាងមួយឆ្នាំមកហើយ។​

ស្របពេល​ជាមួយគ្នានេះ ប្រធានក្លឹបលោក Philip Lam ក៏បានច្រានចោលការសម្រេចចិត្តរបស់ FAS ផងដែរ ហើយបានស្នើសុំឲ្យមានការប្រជុំបន្ទាន់ណាមួយ ខណៈពេលដែលក្លឹបរបស់លោកកំពុងតែស្វែងរកការប្រឹក្សាផ្នែកច្បាប់លើបញ្ហានេះ។​

តែទោះបីជាយ៉ាងណា ស្ថានភាពបានធ្វើឲ្យអនាគតរបស់ក្លឹបក៏ដូចជាកីឡាករនិងបុគ្គលិកដែលធ្វើការស្ថិតក្នុងភាពមិនច្បាស់លាស់ ទើប FAS សម្រេចចិត្តដកចេញ។

គួរដឹងដែរថា​ក្លឹប Warriors FC គឺជាក្លឹបដែលទទួលបានជោគជ័យបំផុតរបស់សិង្ហបុរី ដែលបានឈ្នះពានរង្វាន់លីគក្នុងស្រុកចំនួន ៩ លើក (១៩៩៧, ១៩៩៨, ២០០០, ២០០២, ២០០៦, ២០០៧, ២០០៨, ២០០៩ និង ២០១៤) និងជាក្លឹបសិង្ហបុរីតែមួយគត់ដែលឈានដល់វគ្គចែកពូលនៃពានរង្វាន់ AFC Champions League ។​