កក្រើក! កិច្ចព្រមព្រៀងរវាងក្លឹបវិសាខាជាមួយអតីតខ្សែប្រយុទ្ធ West Brom អាចនឹងកើតមានឆាប់ៗ

774

ខ្សែប្រយុទ្ធ Marcus Haber ដែលធ្លាប់ជាអតីតកីឡាកររបស់ក្លឹបអង់គ្លេស West Brom កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលគេរំពឹងថា​និងមានកិច្ចព្រមព្រៀងឆាប់ៗជាមួយក្លឹបម្ចាស់ជើងឯក Hun Sen Cup 2020 វិសាខា ។

កីឡាករសញ្ជាតិកាណាដាវ័យ ៣១ ឆ្នាំរូបនេះ បានបង្ហាញវត្តមាននៅលើទឹកដីកម្ពុជាតាំងតែពីថ្ងៃទី ២ ខែធ្នូមកម្លេះ បើយោងតាមការបង្ហោះនៅលើគណនី Twitter របស់ខ្លួន ។

អ្វីដែលអាចសន្និដ្ឋានបានថា Marcus Haber ប្រាកដជានិងចូលរួមជាមួយវិសាខារដូវកាលនេះ ក៏ដោយសារគេហទំព័រ Wikipedia របស់ក្លឹបមួយនេះក៏មានរូបគេជាសមាជិកចំណូលថ្មីសម្រាប់រដូវកាលថ្មីផងដែរ ។

Marcus Haber បានចាប់ផ្តើមអាជីពដំបូងជាមួយក្លឹប Vancouver Whitecaps របស់កាណាដា មុនត្រូវបានផ្លាស់មកកាន់ក្របខ័ណ្ឌ Premier League ជាមួយក្លឹប West Brom ក្នុងរដូវកាល ២០១០/១១ ។ ខ្សែប្រយុទ្ធកម្ពស់ ១,៩២ ម៉ែត្ររូបនេះក៏ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកាណាដាបាន ២៧ ប្រកួត និងរកបាន ៣ គ្រាប់ផងដែរ ។