កម្ពុជានឹងមាន ២ កៅអីនៅ AFC Cup ចាប់ពីឆ្នាំ ២០២១ តទៅ

410

ក្លឹបបាល់ទាត់នៅកម្ពុជាចំនួន ២ នឹងមានសិទ្ធិចូលរួមការប្រកួតពានរង្វាន់ AFC Cup ចាប់ពីរដូវកាលឆ្នាំ ២០២១ តទៅ ខុសពីសព្វដងដែលទទួលបានត្រឹមកន្លះកៅអី ពោលគឺត្រូវឆ្លងកាត់វគ្គ Play-Off ជាមុនសិន មុនចូលដល់វគ្គចែកពូលសន្សំពិន្ទុ។

សម្រាប់ ២ កៅអីនោះ គឺមួយកៅអីត្រូវចូលទៅកាន់វគ្គចែកពូលដោយស្វ័យប្រវត្តិ ដែលបានទៅលើក្លឹបណាមួយឈ្នះជើងឯក Metfone Cambodian League និងមួយកៅអីទៀតសម្រាប់ក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ តែត្រូវឆ្លងកាត់វគ្គ Play-Off ជាមុនសិន។

យ៉ាងណាដើម្បីទទួលបានកៅអីទៅកាន់ការប្រកួតកម្រិតទ្វីបនេះ បេក្ខជនទាំងអស់ត្រូវបំពេញបានលក្ខខណ្ឌអាជ្ញាបណ្ណក្លឹបអន្តរជាតិជាមុន ឬ AFC Club Licensing 2020។ ក្នុងករណីមិនអាចបំពេញបានទេ សិទ្ធិចូលរួមនឹងត្រូវប្រគល់ទៅឲ្យក្រុមស្ថិតនៅចន្លោះលេខពីរដល់លេខ ៦ នៃក្របខណ្ឌ MCL។ ដោយឡែកសម្រាប់ក្រុមណាមួយដែលឈ្នះទាំង MCL និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ នោះកៅអីវគ្គ Play-Off ត្រូវផ្ដល់ក្រុមរងជើងឯកលីគកំពូល។

គួរបញ្ជាក់ថា ក្លឹបព្រះខ័នរាជស្វាយរៀងកំពុងប្រកួតប្រជែងនៅវគ្គ Play-Off រដូវកាល ២០២០ នេះ ដោយស្ថិតនៅពូល G។

សូមរំឭកដែរថា កម្ពុជាទទួលបានសិទ្ធិចូលរួមការប្រកួតពានរង្វាន់ AFC Cup លើកដំបូងនៅឆ្នាំ ២០១៧៕

អត្ថបទ៖ CNCC