កីឡាករថៃ ៥ រូបដែលកំពុងអង្រួនពិភពបាល់ទាត់ថៃឆ្នាំ ២០១៩​

629

ថ្ងៃនេះ Khmer Sport សូមលើកយកវិស័យបាល់ទាត់ របស់ប្រទេសជិតខាងកម្ពុជាយើង គឺថៃ ដែលបច្ចុប្បន្នគេនៅលេខរៀងទី ១១៣ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking ពិភពលោក។ ថៃ ជាប្រទេសជោគជ័យមួយក្នុងការកាន់កាប់ពានរង្វាន់ដែលមានក្នុងក្របខណ្ឌបាល់ទាត់អាស៊ីអាគ្នេយ៍យើង AFF ហើយគេក៏លេចមុខលើឆាកអន្តរជាតិផងដែរ ដោយធ្លាប់ឆ្លងកាត់ការប្រកួតមិត្តភាពអន្តរជាតិជាមួយបណ្តាក្លឹបធំៗ នៅអឺរ៉ុបមានដូចជា Real Madrid នឹង Liverpool ជាដើម។ កាត់ៗបើយើងក្រឡែកមកមើលកីឡាកររបស់ប្រទេសនេះក្នុងឆ្នាំ ២០១៩ បច្ចុប្បន្ន ពួកគេក៏កំពុងតែនាំមោទនភាពមកជូនប្រទេសរបស់ពួកគេតាមរយៈ សមិទ្ធផល សមត្ថភាព នឹងជំនាញរបស់ពួកគេរៀងៗខ្លួន

ដូច្នេះយើងក្រឡេកមើលកីឡាករបាល់ទាត់ឆ្នើម ៥ រូបមកពីប្រទេសថៃក្នុងឆ្នាំ ២០១៩ នេះ៖

៥. Phitiwat Sukjitthammakul – ខ្សែបម្រើ – ក្លឹប Chiangrai United

Phitiwat Sukjitthammakul គឺជាអ្នករួមចំណែកនៅពីក្រោយប្រវត្តិសាស្ត្ររបស់ក្រុម Chiangrai United ដែលទើបឈ្នះជើងឯក Thai League 1 ជាលើកដំបូងរបស់ពួកគេនៅរដូវកាល ២០១៩។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះលេងក្នុងតំណែងជាខ្សែបម្រើការពារ រូបគេជាសមាជិករបស់គ្រូបង្វឹកលោក Akira Nishino ក្នុងក្រុមជម្រើសជាតិថៃ សម្រាប់ការប្រកួតជម្រុះ World Cup ២០២២ ផងដែរ។

៤. Supachok Sarachat – ខ្សែប្រយុទ្ធ – ក្លឹប Buriram United

ខ្សែប្រយុទ្ធក្រុម Buriram United កីឡាករ Supachok Sarachat រូបគេបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមឈុតធំថៃក្រោមការដឹកនាំរបស់ Milovan Rajevac ក្នុងឆ្នាំ ២០១៧ ហើយក៏បានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការដឹកនាំរបស់គ្រូថ្មី Nishino ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះ រកបានគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងក្រុមជម្រើសជាតិថៃ ក្នុងប្រកួតដែលថៃយកឈ្នះឥណ្ឌូនេស៊ី ៣-០ ក្នុងការប្រកួតជម្រុះ World Cup កាលពីខែកញ្ញា ហើយក៏ជាផ្នែកមួយនៃក្រុម U-22 របស់ Nishino សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ។

៣. Ekanit Panya – ខ្សែប្រយុទ្ធ – ក្លឹប Chiangrai United

ខ្សែប្រយុទ្ធជួយ Chiangrai លើកពានលីគកំពូលថៃរូបនេះ លេចធ្លោខ្លាំងកាលថៃប្រកួតជាមួយ អារ៉ាប់រួម (UAE) គ្រាដែលរូបគេជាអ្នកស៊ុតគ្រាប់ជ័យជម្នះ ជួយថៃយកឈ្នះ ២-១ កក្រើកពហុកីឡដ្ឋាន Thammasat កាលពីខែតុលា។ ទម្រង់លេងរបស់គេបានក្លាយជាគោលដៅពីសំណាក់ក្លឹប J1 League មួយចំនួន រួមជាមួយមិត្តរួមក្រុមរបស់គេ កីឡាករ Sivakorn Tiatrakul។

២. Theerathon Bunmathan – ខ្សែការពារ – Yokohama F. Marinos

វាជារដូវកាលមួយ ដែលមិនអាចបំភ្លេចបានសម្រាប់ Yokohama F. Marinos ដែលលើកពានលីគកំពូលជប៉ុនក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ ខណៈកីឡាករថៃ Theerathon បានក្លាយជាកីឡាករបាល់ទាត់អាស៊ីអាគ្នេយ៍ដំបូងដែលបានឈ្នះពានរង្វាន់នេះ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ នៅថ្ងៃចុងក្រោយនៃរដូវកាលនេះខ្សែការពារស្លាបឆ្វេងវ័យ ២៩ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី ជួយក្រុមយកឈ្នះគូរប្រជែង FC Tokyo ដោយលទ្ធផល ៣-០។ គួររំលឹកថា Theerathon បានចុះកុងត្រាជាមួយ Yokohama ក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីទទួលបានជោគជ័យនៅរដូវកាលដំបូងក្នុងប្រទេសជប៉ុនជាមួយ Vissel Kobe។

១. Chanathip Songkrasin – ខ្សែប្រយុទ្ធ – ក្លឹប Consadole Sapporo

Chanathip Songkrasin គឺជាកីឡាករដែលមានសមត្ថភាពល្អម្នាក់ នឹងជាសមាជិកដ៏សំខាន់មួយរូបក្នុងក្រុមជម្រើសជាតិថៃ ភាពលេចធ្លោមួយចំនួន ក្នុងចំណោមភាពលេចធ្លោជាច្រើនទៀតរបស់រូបគេ មានដូចជាធ្លាប់បានស៊ុតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះលើក្រុមបារ៉ែននៅក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 និងប្រឆាំងនឹងក្រុមគ្រូបង្វឹកដែលជាវីរបុរសអុីតាលី Fabio Cannavaro គឺក្រុមជម្រើសជាតិចិនក្នុងពានរង្វាន់ China Cup ២០១៩។ ទោះយ៉ាងណា រដូវកាលនេះក្រុម Consadole Sapporo របស់កីឡាករមាឌល្អិតរហស្សនាម Messi J រូបនេះបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ១០ ប៉ុណ្ណោះក្នុងតារាង J.League 1 ដែលកីឡាករថៃរកបាន ៤ គ្រាប់និង Assist ៧ គ្រាប់។