កីឡាករ​ទូកក្ដោង​កម្ពុជា​ត្រៀម​រួចរាល់​សម្រាប់​ប្រកួត​ស៊ី​ហ្គេម និង​មាន​សង្ឃឹម​ខ្ពស់​ឈ្នះ​មេដាយ

214

មកដល់ពេលនេះ​មាន​កីឡា​ជាង ​១០​ប្រភេទ​ហើយមកដល់​ប្រទេស​ហ្វីលីពីន បូករួម​ទាំង​ ៩​ប្រភេទ​កីឡា​ដែល​មកដល់​ដោយ​សុវត្ថិភាព​នា​ព្រឹក​នេះ ក្នុង​នោះ​កីឡាករ​ទូក​ក្តោង​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​យ៉ាង​ល្អ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​លើ​ផ្ទៃ​ទឹកសមុទ្រទីក្រុង Subic។

​លោក សំ សុទ្ធ​រិទ្ធី​ពង្ស ប្រតិភូ​កីឡា​ទូក​ក្តោង​កម្ពុជា​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការប្រកួត​ទូក​ក្តោង​បាន​រៀប​ចំ​រួចរាល់​ជាស្រេច​ហើយ ព្រមទាំង​បាន​ហ្វឹកហាត់​បាន​ខ្លះ​ហើយ​។ ការប្រកួត​ផ្លូវការ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ​។​ ចំណែក​កីឡាករ ប៉ាល់ សិលា, សូត្រ មេសា និង​ញ៉ូ​វ ចាន់ សុទ្ធតែ​បាន​ប្ដេជ្ញា​ខ្ពស់​ថា​ នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ដើម្បី​ដណ្ដើម​មេ​ដាយ​ជូន​ជាតិ ខណៈ​ខ្លួន​សុទ្ធតែ​បាន​ត្រៀម និង​បាន​ហ្វឹកហាត់​នៅ​ក្រៅ​ស្រុក​យ៉ាង​ល្អ​។​

សូម​ជម្រាប​ជូន​ថា ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣០ ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់​ផ្ទះ​ នឹង​បើក​ការប្រកួត​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩៕