កីឡាករប្រដាល់អាមេរិក Patrick Days បានបាត់បង់ជីវិតហើយក្នុងវ័យ ២៧ឆ្នាំ ពោលគឺបួនថ្ងៃក្រោយគូប្រកួតវាយអោយសន្លប់។ Patrick Days ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្រោយត្រូវបានកីឡាករប្រដាល់ Charles Conwell វាយអោយសន្លប់នៅទឹកទី១០ ក្នុងជំនួបដណ្ដើមខ្សែក្រវាត់ Super Welterweight នៅទីក្រុង Chicago។ បើតាមការអោយដឹង Patrick Days ឈានដល់បាត់បង់ជីវិត ដោយសារការប៉ះទង្គិចដល់ខួរក្បាល។
គូរប្រកួតរបស់ Patrick Days កីឡាករវ័យ ២១ឆ្នាំ Charles Conwell ក៏បាននិយាយទាំងក្ដុកក្ដួលផងដែរ ក្រោយរឿងរ៉ាវអកុសលនោះថា “គេមិនមានបំណងបែបនេះឡើយ បំណងតែមួយគត់គឺចង់ឈ្នះការប្រកួត ប្រសិនជាអាចចង់អោយពេលវេលាត្រលប់ក្រោយវិញ”។
Patrick Days មានកំណត់ត្រាប្រកួតឈ្នះ ១៧ក្នុងចំណោម ២២ប្រកួតក្នុងអាជីព ចាញ់បួន និងស្មើមួយ។ រំលឹកដែរថា កាលពីខែសីហាកីឡាកររុស្ស៊ី Maxim Dadashev និងកីឡាករអាហ្សង់ទីន Hugo Santillan បានស្លាប់ដោយសាររបួសពេលប្រកួតផងដែរ៕