បន្ទាប់ពីជួយមីយ៉ាន់ម៉ាយកបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីនកាលពីខែមុន តារាឆ្នើម U-22 កីឡាករ Aung Kaung Mann បានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹប ២ នៅលីគកំពូលម៉ាឡេស៊ី នឹងលីគកំពូលថៃ ហើយបច្ចុប្បន្នរូបគេកំពុងស្ថិតក្នុងការពិចារណាថានឹងចូលរួមជាមួយក្លឹបមួយណា។
Kaung Mann វ័យ ២១ ឆ្នាំរកបាន ៥ គ្រាប់ឲ្យមីយ៉ាន់ម៉ា U-22 ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣០ បានប្រាប់សារព័ត៌មានមីយ៉ាន់ម៉ាថា៖ “ខ្ញុំមានការផ្តល់ជូនពីក្លឹបថៃ និងម៉ាឡេស៊ី ប៉ុន្តែខ្ញុំមិនបានធ្វើការសម្រេចចិត្តចុងក្រោយទេ។ ទោះជាយ៉ាងណាខ្ញុំបានបដិសេធក្លឹបម៉ាឡេស៊ីដោយសារតែការលេងរបស់ពួកគេមិនសមស្របនឹងស្ទាយលេងរបស់ខ្ញុំ “។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Aung Kaung Mann រូបនេះបានចុះកិច្ចសន្យាជាមួយក្រុម Ayeyawady United ដែលជាជើងឯករងលីគកំពូលមីយ៉ាន់ម៉ា។
ហើយស្របពេលជាមួយគ្នានេះ ខ្សែបម្រើរបស់ក្លឹប Yadanarbon FC កីឡាករ Myat Kaung Khant ដែលជាតារាឆ្នើមមួយរូបទៀតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩ ក៏ត្រូវបានគេរាយការណ៍ថាមានសំណើរពីក្លឹប Thai League 1 ដែលមិនបញ្ចេញឈ្មោះផងដែរ។