ការប្រកួតវគ្គជម្រុះ FIFA World Cup 2022 បានដំណើរការបញ្ចប់ការប្រកួតទី៣ ហើយកាលពីរាត្រីថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៩ ដោយក្នុងពូល C អ៊ីរ៉ង់ បានបំបាក់ កម្ពុជា ១៤ ទល់នឹង ០ ហើយនេះគឺជាប្រវត្តិសាស្ត្រដែលកម្ពុជា បរាជ័យធ្ងន់បែបនេះ។
អ្នកចាំទីវ័យ ២២ឆ្នាំ កែវ សុខសិលា របស់ក្លិបវិសាខា ក្នុងការបង្ហាញខ្លួនការពារតំបន់គ្រោះថ្នាក់របស់កម្ពុជា បាននិយាយក្រោយមិនអាចរារាំងពីការទាត់ទម្លុះសំណាញ់ទីរបស់កីឡាករអ៊ីរ៉ង់ថា “ ខ្ញុំគិតថា ពួកយើងមិនមានអ្វីមួយដែលមានប្រៀបលើគេនោះទេ ទាំងកាយសម្បទា អាកាសធាតុ និងកំរិតរបស់ក្រុម គឺពួកគេលើយើងទាំងអស់ ដូចនេះហើយវាអាចធ្វើឲ្យយើងមានសម្ពាធក្នុងការប្រឈមនឹងពួកគេ ” ។
សិលា បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនថា “ វាជាលើកទីមួយហើយសម្រាប់ខ្ញុំ តែខ្ញុំសប្បាយចិត្តនឹងទទួលយកវាព្រោះវាអាចបង្ហាញឲ្យខ្ញុំឃើញថា ខ្ញុំបានរីកចម្រើនដល់កំរិតណាពេលដែលបានលេងជាមួយក្រុមមួយដែលគេមានកំរិតមួយដែលខ្ពស់ ហើយលទ្ធផលមួយនេះខ្ញុំនឹងយកមកពង្រឹងខ្លួនឯងបន្ថែមទៀត អរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការលើកទឹកចិត្ត ”។
៤គ្រាប់របស់អ៊ីរ៉ង់ ទាត់បញ្ចូលទីកម្ពុជា គឺកើតឡើងនៅនាទី ៥, ១១, ១៨, ២២, ៣៦, ៤០, ៤៤, ៤៩, ៥៤, ៦១, ៦៥, ៦៧, ៨៥ និង ៨៨ ដែលសម្រេចបានដោយកីឡាករដូចជា Ansarifard ៤គ្រាប់ម្នាក់ឯង, Azmoun ៣គ្រាប់ម្នាក់ឯង, Taremi ២គ្រាប់ម្នាក់ឯង, Mohebi ២គ្រាប់ម្នាក់ឯង Nourollahi ១គ្រាប់, Kanaani ១គ្រាប់ និង Mohammadi ១គ្រាប់។ ក្នុងនោះផងដែរ អ្នកចាំទីដៃទីមួយរបស់អ៊ីរ៉ង់ Beiranvand បានសង្គ្រោះបាល់ពិន័យ១១ម៉ែត្រ ១គ្រាប់ផងដែរ ពីការទាត់របស់កីឡាករកម្ពុជា កែវ សុខផេង។
គួរឲ្យដឹងថា ប្រកួតបន្ទាប់ទៀតក្នុងពូល C គឺ កម្ពុជា ទទួល អ៊ីរ៉ាក់ នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ៦:៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ និង បារ៉ែន ទទួលស្វាគមន៍ អ៊ីរ៉ង់ វេលាម៉ោង ៧និង៣០នាទីយប់ នៅកីឡដ្ឋានជាតិរបស់បារ៉ែន៕
ម៉េង ហួរ