ក្លឹបម្ចាស់ជើងឯករងលីគកំពូលកម្ពុជា ២០២០ ព្រះខ័នរាជស្វាយរៀង កំពុងតែមានទំនាក់ទំនងក្នុងការផ្ទេរយកខ្សែបម្រើការពារសញ្ជាតិអេស្ប៉ាញ Osmar Ibáñez Barba របស់ក្លឹប FC Seoul មកជួយក្រុមក្នុងរដូវកាល ២០២១ ខាងមុខនេះ។
កុងត្រារបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ នឹងត្រូវផុតកំណត់ជាមួយក្លឹប FC Seoul នៅបំណាច់ខែធ្នូខាងមុខនេះ ខណៈបច្ចុប្បន្នរូបគេកំពុងលេងក្រោមការខ្ចីជើងពីក្លឹបជប៉ុន Cerezo Osaka។
Osmar Ibáñez Barba ធ្លាប់លេងនៅក្លឹបថៃ Buriram United កាលពីរដូវកាល ២០១២-១៣ ផងដែរមុនផ្លាស់ទៅចូលរួមជាមួយ FC Seoul នៅក្នុងឆ្នាំ ២០១៤។
តាមការសង្ស័យវត្តមានរបស់កីឡាកររូបនេះ ជាមួយក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង អាចជាការមករ៉ាប់រងជំនួសតំណែងខ្សែបម្រើ Thiago ឬ Jonny Campbell ដែលទើបចាកចេញពីក្លឹបថ្មីៗនេះ។