ក្រុមការងារ និងកីឡាករបឹងកេតព្រមព្រៀងបញ្ចុះប្រាក់ខែ ៥០ ភាគរយ

232

ទាំងក្រុមការងារ និងកីឡាករនៃក្លិបបាល់ទាត់បឹងកេតបានមូលមតិព្រមព្រៀងបញ្ចុះប្រាក់ខែចំនួន៥០ភាគរយអំឡុងវិបត្តិជំងឺ COVID 19 ដែលធ្វើឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចផ្អាកសកម្មភាពប្រកួតនានា។

ការព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំពិភាក្សារគ្នារួចមក គ្រប់ៗគ្នានៅបឹងកេត រួមមានថ្នាក់ដឹកនាំគ្រប់ផ្នែក ក្រុមគ្រូបង្វឹក កីឡាករ បុគ្គលិក និងជាផ្នែកទ្រទ្រង់សេដ្ឋកិច្ចក្នុងដំណាក់កាលដែលជំងឺដ៏គំរាមកំហែងខាងលើកំពុងតែរីករាលដាលស្ទើរពាសពេញពិភពលោក។

ជាមួយគ្នានេះ ចំពោះការហ្វឹកហាត់របស់ក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២០១៩ ដដែលក៏ត្រូវផ្អាកដោយត្រូវហ្វឹកហាត់តាមរយៈកម្មវិធីហ្វឹកហាត់ថ្មី ដោយឡែកពីគ្នា ពីគេហដ្ឋាន តាមកម្មវិធីដែលក្រុមគ្រូបង្វឹកបច្ចេកទេសបានដាក់ចេញ រហូតដល់ស្ថានការណ៍វិវឌ្ឍមកភាពល្អប្រសើរឡើងវិញ។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់នៅតាមបណ្ដាប្រទេសមួយចំនួន ជាពិសេសនៅតំបន់អឺរ៉ុប ក៏មានការព្រមព្រៀងកាត់បន្ថយប្រាក់ឈ្នួលផងដែរ ហើយកីឡាករមួយចំនួនថែមទាំងមិនទទួលយកថ្លៃនឿយហត់ទៀតផង។

គួរដឹងដែរថា ក្របខណ្ឌ Metfone Cambodian League 2020 ត្រូវបានផ្អាកសកម្មភាពតាំងពីចប់សប្ដាហ៍ទី៥ម្ល៉េះ ខណៈពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ៨ក្រុមចុងក្រោយក៏ត្រូវលើកពេលដូចគ្នា៕

អត្ថបទ៖ CNCC
ប្រភពរូប៖ Boeung Ket Football Club