ក្រុមអាស៊ីខាងលិច ត្រូវយកប្រទេសកាតាធ្វើជាទឹកដីកណ្តាល បន្តការប្រកួត AFC Champions League

133

សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) កាលពីម្សិលមិញ បានបញ្ជាក់ថាប្រទេសកាតាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ AFC Champions League រដូវកាល ២០២០ សម្រាប់តំបន់អាស៊ីខាងលិច។

Related image

ការប្រកួតប្រជែងពានរង្វាន់ក្លឹបល្អបំផុតប្រចាំតំបន់អាស៊ីមួយនេះ ត្រូវបានពន្យារពេលចាប់តាំងពីខែមីនា ដោយសារការរីករាលដាលជំងឺកូវីដ-១៩។ ស្ថានភាពបានបង្ខំឲ្យ AFC ត្រូវផ្លាស់ប្តូរទ្រង់ទ្រាយនៃការប្រកួត ហើយការប្រកួតនីមួយៗនឹងត្រូវធ្វើឡើងនៅប្រទេសមួយដែលបានកំណត់យកជាទឹកដីកណ្តាល។

ប្រទេសកាតា ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គចែកពូលនៃក្រុមលេងនៅ ACL ទាំងអស់ រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាប់ផ្តើមនៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២០ នេះតទៅ។

ក្លឹបដែលនឹងត្រូវលេងនៅតំបន់អាស៊ីខាងលិចគឺក្លឹបមកពី ប្រទេសអារ៉ាប់រួម, អារ៉ាប់ប៊ីសាអូឌីត, អ៊ីរ៉ាក់, អ៊ីរ៉ង់, អ៊ូសបេគីស្ថាន និងកាតាដែលជាម្ចាស់ផ្ទះ។

ទោះយ៉ាងណាទឹកដីកណ្តាលសម្រាប់តំបន់អាស៊ីខាងកើត មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ហើយគេរំពឹងថានឹងប្រព្រឹត្តទៅនៅប្រទេសចិន ថៃ អូស្ត្រាលី កូរ៉េខាងត្បូងជប៉ុន ឬម៉ាឡេស៊ី។ ការប្រកួតទាំងអស់នេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២០។