ក្លឹបនៅ Premier League ត្រូវបានហាមមិនឲ្យចាប់ដៃគ្នា មុនការប្រកួតទៀត​ទេ!

218

សារព័ត៌មាន CNN បាន​ចុះផ្សាយ​ថា គ្រប់​ក្លឹប​ទាំងអស់​នៅលីគកំពូលអង់គ្លេស Premier League នឹង​ត្រូវបាន​ហាម​ប្រាម​មិន​ឲ្យ​​ចាប់​ដៃគ្នា មុន​ការប្រកួត​រវាង​កីឡាករនៃក្រុមទាំង ២ និង​មន្ត្រី​ដឹកនាំការប្រកួត រួមទាំង​អាជ្ញាកណ្តាលនោះទេ។

ចំណាត់ការ​បែបនេះ ត្រូវបាន​សហព័ន្ធបាល់ទាត់​អង់គ្លេសបញ្ជាក់​ថា ធ្វើ​ឡើងដើម្បីការ​ពារការ​ឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី ឬ Covid-19 ដែលកំពុងតែបង្កក្តី​បារម្ភ​ជាខ្លាំងនៅទូទាំងពិភពលោក។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ស្ថាប័ន​​គ្រប់គ្រង​លីគអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍បាន​ឲ្យ​ដឹងថា គ្រប់​ក្លឹប​ និង​មន្ត្រី​ដែល​ត្រូវចូលរួម​ប្រកួតនឹងត្រូវ​អនុញ្ញាតឲ្យគោរព​តាម​ទម្លាប់​ដើរចូល​ក្នុងទីលាន​ដដែល ប៉ុន្តែការ​ចាប់ដៃ នៅមុន​ការ​ប្រកួត នឹង​មិន​ត្រូវ​អនុញ្ញាតឲ្យ​ធ្វើនោះទេ ដើម្បីការពារ​ការឆ្លងមេរោគកូរ៉ូណា។ ហើយ​ចំណាត់ការនេះ នឹងត្រូវ​ធ្វើដោយ​មិនទាន់​កំណត់រយៈពេល​នោះទេ អាស្រ័យ​ទៅលើ​ស្ថានភាពជាក់ស្តែងនៃមេរោគកូរ៉ូណាថ្មី។

សូម​បញ្ជាក់ថា ​​ចំណាត់ការ​ហាម​មិន​ឲ្យ​ចាប់ដៃគ្នានេះ ក៏ត្រូវបាន​អនុវត្ត​ក្នុង​ប្រទេសផ្សេងៗជាច្រើន​ផងដែរ រួមមាន​ទាំងសហរដ្ឋអាមេរិក អ៊ីតាលី ប្រទេសដទៃទៀត និងសូម្បីតែប្រទេសកម្ពុជា ដែល​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្តូរទម្លាប់ពីការ​ចាប់រលាក់ដៃគ្នា មក​ជាការ​សំពះតាមទំនៀម​ទម្លាប់ខ្មែរវិញ៕

អត្ថបទ​៖ FoxSport