ក្លឹបយក្សម៉ាឡេស៊ី​ JDT ហ្វឹកហាត់លើកដំបូងនៅពហុកីឡដ្ឋានថ្មី

3259

ក្លឹបម្ចាស់ជើងឯកលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim (JDT) បានចាប់ផ្តើមហ្វឹកហាត់លើកដំបូងនៅក្នុងពហុកីឡដ្ឋានថ្មីរបស់ខ្លួននៅសប្តាហ៍នេះ។

ពហុកីឡដ្ឋានថ្មីនេះមានទីតាំងនៅតំបន់ Iskandar Puteri ខេត្ត Johor ដែលអាចផ្ទុកអ្នកទស្សនាបាន ៤០ ០០០ នាក់ ហើយគ្រោងនឹងប្រើប្រាស់សម្រាប់ថ្ងៃបើកការប្រកួតលីគកំពូលម៉ាឡេស៊ីនៅថ្ងៃទី ២៨ ខែកុម្ភៈខាងមុខ។

ការសាងសង់ពហុកីឡាដ្ឋានទំនើបនេះ បានចាប់ផ្តើមនៅខែមករាឆ្នាំ ២០១៦ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០១៨ តែស្ថានភាពជាក់ស្តែងបានជំរុញឲ្យពន្យាពេលដល់ដើមឆ្នាំ ២០២០។

ក្រៅពីពានក្នុងស្រុក ក្លឹបយក្សម៉ាឡេស៊ី JDT ក៏នឹងត្រូវប្រើប្រាស់ពហុកីឡាដ្ឋានមួយនេះសម្រាប់ព្រឹត្តិការណ៍ AFC Champions League 2020 រដូវកាលនេះផងដែរ ដែលនៅរួមពូលជាមួយក្រុមជប៉ុន Vissel Kobe, ក្រុមកូរ៉េខាងត្បូង Suwon Samsung Bluewings និងក្រុមចិន Guangzhou Evergrande ។