ក្លឹបលីគកំពូលចិន Beijing Guoan ប្រកាសតែងតាំងលោក Slaven Bilic ជាគ្រូបង្វឹកថ្មី

59

Beijing Guoan ដែលជាក្រុមខ្លាំងនៅលីគកំពូលចិនបានប្រកាសតែងតាំងលោក Slaven Bilic សញ្ជាតិក្រូអាតជាគ្រូបង្វឹកថ្មី ។

ក្នុងការតែងតាំង ពួកគេក៏បានបញ្ជាក់ពីការចាកចេញរបស់អតីតគ្រូបង្វឹកលោក Bruno Genesio ផងដែរ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានដឹកនាំក្រុម Beijing Guoan ឈរនៅលេខ ៣ ក្នុងក្របខ័ណ្ឌ Chinese Super League និង AFC Champions League វគ្គ ៨ ក្រុមចុងក្រោយកាលពីរដូវកាលមុន។

Slaven Bilic វ័យ ៥២ ឆ្នាំបានទទួលបន្ទុកដឹកនាំក្រុម West Bromwich Albion នៃក្របខ័ណ្ឌ English Premier League រហូតត្រូវបានគេបណ្តេញចេញពីតំណែងនៅថ្ងៃទី ១៦ ខែធ្នូក្រោយបាន ១៨ ខែនៅទឹកដី The Hawthorns ។

Beijing Guoan បានប្រកាសពីការមកដល់របស់លោកនៅលើបណ្តាញសង្គម Twitter ផ្លូវការកាលពីថ្ងៃពុធ ដោយមានការបញ្ជាក់ថាកិច្ចសន្យារបស់លោកនឹងដំណើរការរហូតដល់ចុងឆ្នាំ ២០២២ ។

សេចក្តីថ្លែងការណ៍របស់ក្លឹបបាននិយាយថា “យុទ្ធសាស្ត្ររបស់ Bilic ក្នុងការបង្វឹកគឺសំបូរបែប និងមានភាពខុសប្លែកគ្នា ពាក្យបញ្ជានៅនឹងកន្លែងគឺពោរពេញទៅដោយចំណង់ចំណូលចិត្ត ហើយក្រុមដែលគាត់ដឹកនាំមានភាពខ្លាំងក្លា” ។