ក្លឹបអារ៉ាប់រួម Al Ain ខ្ចីជើងខ្សែបម្រើជប៉ុនពីក្លឹប FC Porto កន្លះរដូវកាល

122

ក្លឹបអារ៉ាប់រួម Al Ain បានខ្ចីជើងខ្សែបម្រើជនជាតិជប៉ុន Shoya Nakajima ពីក្លឹបព័រទុយហ្កាល់ FC Porto ក្នុងកិច្ចសន្យាកន្លះរដូវកាល ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះចូលរួមជាមួយ Porto នៅឆ្នាំ ២០១៩ ពីក្លឹបកាតា Al-Duhail ក្នុងកិច្ចសន្យា ៥ ឆ្នាំប៉ុន្តែគាត់មានឱកាសបង្ហាញខ្លួនត្រឹមតែ ១៦ ប្រកួតប៉ុណ្ណោះក្នុងលីគកាលពីរដូវកាលមុន ។

Nakajima បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ Al Ain ថា៖ “ពិតជារីករាយ និងមានមោទនភាព ដែលបានលេងឲ្យក្លឹបមួយក្នុងចំណោមក្លឹបល្អបំផុតនៅអាស៊ី“។

គួរបញ្ជាក់ថា Al Ain ជាក្រុមជើងឯករងក្នុងក្របខ័ណ្ឌ UAE Pro-League ក្នុងរដូវកាល ២០១៩/២០ ។ Nakajima ដែលនឹងពាក់អាវលេខ ២២ នឹងចូលរួមជាមួយមិត្តរួមជាតិរបស់គេ គឺខ្សែការពារ Tsukasa Shiotani នៅក្លឹបថ្មី ។