ក្លឹបអុីរ៉ង់ ៤ ព្រមាន​ដកខ្លួនចេញពីពាន AFC Champions League

6349

ក្លឹបលីគកំពូលអុីរ៉ង់ចំនួន ៤ បានគំរាមដកខ្លួនចេញពីការប្រកួតពានរង្វាន់ AFC Champions League ២០២០ បន្ទាប់ពីពួកគេត្រូវបានបដិសេធដោយ AFC មិនអនុញ្ញាតអោយរៀបចំការប្រកួតក្នុងផ្ទះរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ង់។

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានជូនដំណឹងដល់សហព័ន្ធកីឡាបាល់ទាត់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (FFIRI) ថា ក្លឹបអ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាម្ចាស់ផ្ទះនៃការប្រកួត AFC Champions League នៅផ្ទះនោះទេដោយសារបញ្ហាសន្តិសុខរបស់ប្រទេសមួយនេះ។

ទោះយ៉ាងណាសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ និងក្លឹបទាំង ៤ ដែលនឹងចូលរួមប្រកួតពានរង្វាន់ AFC Champions League រដូវកាលនេះបានសម្រេចចិត្តប្រកាន់ជំហររឹងមាំប្រឆាំងនឹងសេចក្តីសម្រេចរបស់ AFC មួយនេះ។

ប្រធានស្តីទី FFIRI លោក Heydar Baharvand ត្រូវបានដកស្រង់សម្តីដោយកាសែត Tehran Times ថា“ យើងបានផ្ញើលិខិតមួយទៅ AFC ដោយប្រកាន់ជំហររួមគ្នាថា យើងនឹងដកខ្លួនចេញពីការប្រកួតប្រសិនបើពួកគេចង់ហាមឃាត់ប្រទេសរបស់យើងមិនឱ្យធ្វើជាម្ចាស់ផ្ទះការប្រកួត” 

លោកបានបន្ថែមទៀតថា“ ក្លឹបអ៊ីរ៉ង់ទាំង ៤ នឹងប្រឆាំងនឹងសេចក្តីសម្រេចមិនយុត្តិធម៌របស់ AFC ហើយសហព័ន្ធនឹងគាំទ្ររាល់ការសម្រេចចិត្តរបស់ពួកគេ” ។

គួរបញ្ជាក់ថា​ក្លឹបទាំង ៤ របស់អុីរ៉ង់ដែលនឹងចូលរួមប្រកួតក្នុងពានរង្វាន់ AFC Champions League ២០២០ រួមមាន Perspeolis FC, Sepahan SC, Shahr Khodro FC និង Esteghlal FC។