ខ្លាំងមែន! កើតមកគ្មានដៃទាំងពីរ បុរសម្នាក់ប្រើចង្កាបុកស្នូកឃើ ស៊ីលុយអ្នកភូមិព្រាត (វីដេអូ)

132

ស្ទើរមិនគួរឲ្យជឿ បុរសប៉ាគីស្ថានម្នាក់ឈ្មោះ Muhammad Ikram កើតមកគ្មានដៃទាំងពីរ តែក្លាយជាអ្នកបុកស្នូកឃើដ៏ពូកែ ដោយការផ្ដេកខ្លួនលើតាបហើយប្រើចង្ការបស់គាត់រុញគ្រាប់ពណ៌ស​ ដើម្បីបញ្ជូនគ្រាប់ពណ៌ក្រហមឲ្យចូលទីបានយ៉ាងល្អ។

ជាការពិតណាស់ ល្បែងលំបាកប្រភេទនេះមិន​គួរណាលោក Ikram អាចលេងបានយ៉ាងស្ទាត់ជំនាញបែបនេះ​សោះ  ប៉ុន្ដែដោយសារការតស៊ូព្យាយាមហ្វឹកហាត់ជាច្រើនឆ្នាំ បានធ្វើឲ្យបុរសវ័យ ៣២ ឆ្នាំរូបនេះ អាចប្រកួតដាក់លុយជាមួយអ្នកបុកស្នូកឃើក្នុងតំបន់បានទៀតផង។

ថ្មីៗនេះ កំឡុងពេលទៅលេងនៅកន្លែងបុកស្នូកឃើ ក្នុងទីក្រុង Samundri ខេត្ដ Punjab ភាគខាងជើងប្រទេសប៉ាគីស្ថាន លោក Ikram បានសារព័ត៌មាន AFP ថា៖ “វាជាការងារដ៏លំបាកមួយ ដែលទាមទារការខិតខំខ្លាំង។ ប្រសិនបើមានកីឡាករណាដូចខ្ញុំ ខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីតតាំងជាមួយគាត់ “។

គួរឲ្យដឹងថា លោក Ikram កើតក្នុងត្រកូលគ្រួសារក្រីក្រ ហើយលោកនិងបងប្អូនចំនួន ៨ នាក់ មិនមានលទ្ធភាពទៅសាលានោះទេ ។ ប៉ុន្ដែក្នុងវ័យជំទង់លោកបានចាប់ផ្ដើមមើលគេលេងស្នូកឃើ ហើយចាប់តាំងពីពេលនោះ លោកក៏ចូលចិត្ដកីឡារប្រភេទនេះ រួចចាប់ផ្ដើមហ្វឹកហាត់ស្ងាត់ៗតែម្ដង។

លោកបានបង្ហើបបន្តថា ៖ “កាលពីដំបូង ខ្ញុំព្យាយាមរុញគ្រាប់ស្នូកឃើដោយខ្លួនឯងនៅលើតាបទទេស្អាត។ ពីមួយថ្ងៃទៅមួយថ្ងៃៗ ជំនាញរបស់ខ្ញុំកាន់តែប្រសើរឡើង ហើយឥឡូវនេះខ្ញុំអាចប្រកួតជាមួយកីឡាករល្អក្នុងតំបន់បានទៀតផង“៕

វីដេអូខាងក្រោម