ខ្សែការពារ​ជប៉ុន Gen Shoji ផ្លាស់ពី Ligue 1 មកចូលរួមជាមួយក្លឹបជប៉ុនវិញ

1126

អតីតខ្សែការពារក្រុមជម្រើសជាតិជប៉ុន Gen Shoji បានផ្លាស់ពីក្លឹបបារាំង Toulouse មកកាន់ក្លឹបកំណើត Gamba Osaka វិញហើយ។

Shoji ធ្លាប់លេងជាយុវជនរបស់ក្លឹប Gamba Osaka គ្រាដែលរៀននៅវិទ្យាល័យ។ ហើយកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានចាប់ផ្តើមជាកីឡាករអាជីពជាមួយក្លឹប Kashima Antlers ក្នុងឆ្នាំ ២០១១ មុនពេលផ្ទេរទៅលេងនៅក្លឹបបារាំង Toulouse ក្នុងក្របខ័ណ្ឌ Ligue 1 សម្រាប់រដូវកាល ២០១៨-១៩។

ក្រោយរួមរស់បានតែ ១ រដូវកាល​មុនជាមួយ Toulouse ពេលវេលានៅលើទីលានរបស់រូបគេក្នុងរដូវកាលនេះហាក់ត្រូវបានកាត់បន្ថយ ដោយសារតែការញាំញីដោយរបួស។

Shoji ក៏ជាសមាជិកដ៏សំខាន់ម្នាក់របស់ក្រុមជម្រើសជាតិជប៉ុនក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ីដែលក្រុមសាមូរ៉ៃខៀវឈានដល់វគ្គ ១៦។

គួរដឹងដែរថា ក្លឹប Gamba Osaka បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ក្នុងក្របខ័ណ្ឌ J1.League កាលពីរដូវកាលមុន ខណៈ​រដូវកាល​ឆ្នាំ ២០២០ នេះនិងចាប់ផ្តើមនៅថ្ងៃទី ២១ ខែកុម្ភៈខាងមុខនេះ​។