ម៉ាត់ យ៉ាមីន៖ «ទោះជួបរឿងមិនល្អ តែខ្ញុំពុំធ្លាប់គិតថាដើរចេញពីបាល់ទាត់ឡើយ»

105

ខ្សែបម្រើនគរបាលជាតិ ម៉ាត់ យ៉ាមីន អះអាងថា ខ្លួនពុំបានគិតថានឹងបញ្ចប់អាជីពបាល់ទាត់នោះទេ បើទោះកន្លងមក ជួបរឿងរ៉ាវមិនសមប្រកប ឈានដល់ការចែកផ្លូវជាមួយក្លិបចាស់ក៏ដោយ។ គេថា កម្លាំងចិត្តពីមនុស្សជុំវិញខ្លួន និងឆន្ទៈក្នុងអាជីពមួយនេះ ធ្វើឲ្យគេរង់ចាំតែថ្ងៃចាប់ផ្ដើមម្ដងទៀត។

«មានបញ្ហាកន្លងមក ខ្ញុំអត់បានយកវាមកទុកក្នុងចិត្តទេ គឺមានតែលើកទឹកចិត្តខ្លួនឯង ហើយមនុស្សជុំវិញខ្លួនខ្ញុំទាំងអស់ ក៏ជួយលើកទឹកចិត្តខ្ញុំដែរ។ ខ្ញុំតែងគិតថា មនុស្សយើងតែងតែមានកំហុស សំខាន់យើងត្រូវកែប្រែវា កុំឲ្យខុសម្ដងទៀត។ អ៊ីចឹងហើយ ទើបធ្វើឲ្យខ្ញុំនៅតែមានអារម្មណ៍មូលល្អក្នុងអាជីពបាល់ទាត់ ក៏ដូចជាឆន្ទៈក្នុងការលេងជាមួយក្រុមថ្មី»។

បន្ថែមលើនេះ កីឡាករទទួលបានកុងត្រាពីនគរបាលជាតិ ដល់ដំណាច់រដូវកាល ២០២១ ដដែលប្រាប់ថា ដំណើរលើវិថីបាល់ទាត់ជាមួយក្រុមថ្មី ពុំមានឧបសគ្គច្រើនឡើយ ព្រោះគេបានរក្សាកម្លាំង និងបច្ចេកទេសបានល្អ អំឡុងពុំទាន់ទទួលបានកិច្ចសន្យា ហើយថាភាពស៊ីចង្វាក់ជាមួយមិត្តរួមក្រុមក៏មិនមានអ្វីចោទដែរ។

គេចាំបានថា ម៉ាត់ យ៉ាមីន បានចាកចេញពីបៀលប្រាយ មកចូលរួមជាមួយបឹងកេតតាំងពីឆ្នាំ២០១៦ ដោយបានជួយក្លិបឈ្នះពានរង្វាន់សម្ដេចតេជោមួយលើក និងលីគកំពូល ២លើក មុនចែកផ្លូវគ្នាកាលពីខែកុម្ភៈ។ ក្នុងជើងទី ២ នៃពានរង្វាន់ Metfone Cambodian League 2020 នេះ កីឡាករខ្មែរ-ឥស្លាមបានរួមរស់ជាមួយក្លិបបាល់ទាត់នគរបាលជាតិ៕

អត្ថបទ&រូបភាព៖ CNCC