គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាន CAMSOC ពិភាក្សា​ពី​ផែនការ​លម្អិតដើម្បី​ផ្សព្វផ្សាយ​ស៊ី​ហ្គេម

189

គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាននៃ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​លើ​ផែនការ​លម្អិត​បន្ថែម ក្រោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​កាលពី​ថ្មីៗ ដើម្បី​ត្រៀម​ផ្សព្វផ្សាយ​យុទ្ធនាការ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​នៅ​កម្ពុជា។

ឯកឧត្ដម ជា ច័ន្ទ​បូ​រិ​បូ​រណ៍ ប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាន​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​សិក្សា​លម្អិត​ពី​ផែនការ​សំខាន់ៗ ក៏ដូចជា​បែងចែក​ការងារ​ដល់​សមាជិក​ សម្រាប់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ស្របតាម​ផែនការ​ទាំង ៤ ដែល​ខ្លួន​បាន​ធ្វើ​បង្ហាញ​ជូន​គណៈ​អចិន្ត្រៃយ៍ សម្រាប់​ឆ្លង​ទៅ​ថ្នាក់ដឹកនាំ CAMSOC កាល​ពី​ពេល​ថ្មីៗពិសេស​គឺ​ការងារ​ផ្សព្វផ្សាយ និង​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស​តែម្ដង។​

ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ក្រសួង​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា ការងារ​ផ្សព្វ​ផ្សាយ និង​ព័ត៌មាន​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ទទួល​បាន​ជោគជ័យ ឬ​ផ្លែ​ផ្កា​ដែរ ហេតុនេះ​ឯកឧត្ដម​បាន​ធ្វើ​ការ​សិក្សា​ពី​ការរៀបចំ​ស៊ី​ហ្គេម​មុនៗ តាំងពី​ឆ្នាំ​២០១៥ មក​ម្ល៉េះដើម្បី​ដឹង​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយមក​សំយោគ​គ្នា ហើយ​កែ​សម្រួល​ធ្វើ​យ៉ាង​ណា​អនុវត្ត​ការងារ​ផ្សព្វផ្សាយ​មុន និង​ក្រោយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ។

ដោយឡែក​ពាក់ព័ន្ធ​ការងារ​សំខាន់ៗ​មួយ​ចំនួន​ទៀត ដែល​គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មានត្រូវ​អនុវត្ត មាន​ដូច​ជា​ការ​ផ្សព្វផ្សាយ​ពី​បរិស្ថាន​ស្អាត ចរាចរ​ល្អ លេង​កីឡា និង​គ្មាន​គ្រឿងញៀន ដែល​ត្រូវ​បំផុស​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្ដម ជា ច័ន្ទ​បូ​រិ​បូ​រណ៍៕

អត្ថបទ៖ BTV Cambodia