គ្រូទ័ពបង្ហើបលក្ខណៈសម្បត្តិពិសេសមួយរបស់អ្នកចាំទី អ៊ុំ សេរីរ័ត្ន

201

មិនត្រឹមតែជាអ្នកចាំទីឆ្នើមមួយរូបក្នុងក្រុមទេ អ៊ុំ សេរីរ័ត្ន ក៏ជាបុគ្គលមានអត្តចរិតល្អ ចេះចែករំលែកដល់សិស្សប្អូន ជាពិសេសអ្នកចាំទីបម្រុងពីររូបទៀត គឺពេជ្រ តារា និងឈិន ឆៃនុត ហើយរំពឹងថា អ្នកទាំងពីរនឹងអាចរៀនសូត្របានច្រើនដើម្បីសម្រួចខ្លួនកាន់តែប្រសើរ។ នេះបើតាមការលើកឡើងពីលោក ទេព ឡុងរចនា គ្រូបង្គោលសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ។

គ្រូបង្វឹកក្រុមហៅកាត់ Tiffy Army ចាត់ទុកថា នេះគឺជាលក្ខណៈសម្បត្តិយ៉ាងពិសេសបន្ថែមពីលើទេពកោសល្យរបស់អ៊ុំ សេរីរ័ត្ន ដែលមានស្រាប់ ខុសពីកីឡាករមួយចំនួន (និយាយជាទូទៅ) ផ្ដោតសំខាន់តែបុគ្គលផ្ទាល់ខ្លួន។

លោក ទេព ឡុងរចនា បញ្ជាក់បែបនេះ “៖ អ៊ុំ សេរីរ័ត្ន ជាមនុស្សម៉ឺងម៉ាត់ក្នុងបាល់ទាត់។ គាត់ហ្វឹកហាត់ គាត់យល់ណាស់ គាត់ចេះចែករំលែក ខុសពីមនុស្សទូទៅដែលផ្ដោតលើលក្ខណៈបុគ្គល តែសម្រាប់អ៊ុំ សេរីរ័ត្ន ខ្ញុំមើលឃើញថា គាត់មានបេះដូងមួយ គាត់ចេះចែករំលែក អ៊ីចឹងខ្ញុំគិតថា គាត់អាចជួយឲ្យអ្នកទាំងអស់គ្នាខ្លាំង។”

គួរដឹងដែរថា អ៊ុំ សេរីរ័ត្ន ផ្ដើមការហ្វឹកហាត់បាល់ទាត់លក្ខណៈអាជីពនៅសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទតាំងពីក្មេងជាមួយបងប្រុសរបស់គេជាអ្នកចាំទីដូចគ្នា គឺកីឡាករ អ៊ុំ វិចិត្រ ដែលបានផ្លាស់ទៅភ្នំពេញក្រោន នៅរដូវកាល២០២០នេះ៕

អត្ថបទ៖ CNCC