គ្រូបង្វឹកព័រទុយហ្កាល់ទម្លាយសម្តី Ronaldo មួយម៉ាត់ពេលគេនៅជាន់លើ

840

គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់លោក Fernando Santos បាននិយាយថាខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅតែចង់លេង ក្រោយរូបគេបង្ខំចិត្តដាក់ខ្លួនដាច់ដោយឡែកដោយសារបានឆ្លង Covid-19 ។

Ronaldo បានធ្វើតេស្ត៍រកឃើញផ្ទុក Covid-19 នៅរសៀលថ្ងៃអង្គារម្សិលមិញ ។ បច្ចុប្បន្នរូបគេត្រូវស្ថិតក្រោមការតាមដានរយៈពេល ១០ ថ្ងៃ ដោយខកខានជួយព័រទុយហ្កាល់ប្រកួតទល់ស៊ុយអែតនៅ Nations League យប់នេះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានគ្រូបង្វឹកវ័យ ៦៦ ឆ្នាំ បានទទួលស្គាល់ការពិតដែលថាព័រទុយហ្កាល់នឹងខ្សោយជាងមុនបើគ្មាន Ronaldo លោកថា៖ “គ្មានក្រុមណាអាចប្រសើរជាងនេះបានទេ បើគ្មានកីឡាករឆ្នើមរបស់ខ្លួន“។

លោក Santos បន្តថា៖ “Ronaldo គាត់ក្រៀមក្រំ។ គាត់កំពុងនៅក្នុងបន្ទប់ ហើយនិយាយពីជាន់ខាងលើមកថាគាត់ចង់លេងបាល់“។

គួរដឹងផងដែរថា ម្ចាស់ពាន Ballon d’Or ៥ សម័យ ក៏នឹងខកខានជួយក្រុម Juventus ក្នុងប្រកួតសំខាន់ៗមួយចំនួនផងដែរមានដូចជាប៉ះ Crotone នៅថ្ងៃអាទិត្យ ប្រកួតបើកឆាក Champions League នៅទឹកដី Dynamo Kiev ៣ ថ្ងៃបន្ទាប់ ។

រយៈពេល ១ សប្ដាហ៍ចុងក្រោយក្រុមត្រូវប្រឈមមុខជាមួយ Verona មុនប្រកួតនៅពានអឺរ៉ុបជាមួយ Barcelona ដែល Ronaldo ត្រូវជួប Messi ក៏មិនប្រាកដថាតារាវ័យ ៣៥ ឆ្នាំអាចលេងបានផងដែរ ។

ប្រភព៖ Goal