គ្រូបង្វឹកអាឡឺម៉ង់ថា សោកស្ដាយពេលឃើញ Havertz ផ្លាស់ទៅ Chelsea

465

គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់លោក Joachim Low គិតថាការផ្លាស់របស់ Kai Havertz ពី Bayer Leverkusen ទៅ Chelsea គឺជារឿងមិនល្អសម្រាប់ក្របខ័ណ្ឌ Bundesliga ។

បុរសវ័យ ៦០ ឆ្នាំ ចង់ឃើញ Havertz លេងនៅក្របខ័ណ្ឌអាឡឺម៉ង់ជាងនៅអង់គ្លេស ប៉ុន្តែលោកក៏ឃើញនូវភាពវិជ្ជមានខ្លះផងដែរ ក្នុងការផ្លាស់ទ្រនំថ្មីរបស់ខ្សែបម្រើវ័យ ២១ ឆ្នាំរូបនេះ។

ក្រុមតោខៀវ Chelsea បានបើកយុទ្ធនាការទិញកីឡាករទ្រង់ទ្រាយធំ ក្នុងនោះមានកីឡាករមកពីក្របខណ្ឌ Bundesliga ២ រូបគឺខ្សែប្រយុទ្ធ Timo Werner និង Kai Havertz ។

សម្រាប់លោក Low មានការខកចិត្តដែលបានឃើញ Havertz ចាកចេញពីក្របខ័ណ្ឌ Bundesliga ប៉ុន្តែលោកសង្ឃឹមថាការលេងនៅក្រៅប្រទេសអាចជួយឱ្យគាត់មានឥទ្ធិពលកាន់តែធំជាមួយក្រុមជម្រើសជាតិ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោកថា ” ខ្ញុំមើលឃើញវាជាអវិជ្ជមាន នៅពេលដែលទេពកោសល្យដ៏អស្ចារ្យដូចជា Kai លែងស្ថិតក្នុងក្របខ័ណ្ឌ Bundesliga ” ។ ” ប៉ុន្តែខ្ញុំបានឃើញវិជ្ជមានថា ការលេងក្រៅប្រទេសកីឡាករអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ខ្លួន Werner និង Havertz ក៏អាចជួយយើងផងដែរ “។