ឪពុក និងជាភ្នាក់ងាររបស់ Lionel Messi គឺលោក Jorge Messi បានជួបជាមួយថ្នាក់ដឹកនាំ Barcelona រយៈពេល ៩០ នាទី កាលពីថ្ងៃពុធដើម្បីពិភាក្សាពីអនាគតរបស់កូនជាមួយក្លឹប។
ប្រភពពីកិច្ចប្រជុំបានប្រាប់ CNN Sport ថាលោក Jorge Messi ត្រូវបានអមដំណើរដោយបងប្រុសរបស់ Messi គឺលោក Rodrigo រួមទាំងមានមេធាវីម្នាក់ទៀត ចំណែកខាង Barcelona មានប្រធានក្លឹបលោក Josep Maria Bartomeu និងសមាជិកក្រុមប្រឹក្សារបស់លោកម្នាក់គឺលោក Javier Bordas ។
ខ្លឹមសារពីកិច្ចប្រជុំត្រូវបានប្រភពរាយការណ៍ថា ក្លឹបមិនមានចេតនាបញ្ចប់កិច្ចសន្យារបស់ Lionel Messi ទេ។ គឺក្លឹបមានតែចង់ចរចារបន្តរយៈពេល ២ ឆ្នាំទៀតជាមួយខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៣ ឆ្នាំរូបនេះ។ ខណៈកិច្ចសន្យាចាស់នឹងត្រូវបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ ដែលតម្លៃផ្តាច់កុងត្រាស្មើនិង ៧០០ លានអឺរ៉ូ (៨៣៣ លានដុល្លារ) ។
ទោះយ៉ាងណា Messi នៅតែជឿជាក់ថាកុងត្រាគឺត្រូវបញ្ចប់នៅថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០២០ នេះព្រោះខ្លួនមានលក្ខខណ្ឌពិសេសជាមួយក្លឹបនៅក្នុងកិច្ចសន្យានោះ ព្រោះរដូវកាលត្រូវបានពន្យាពេលដោយកូវីដ-១៩ ហើយនៅតែគិតថាអាចចាកចេញពី Barcelona បានដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។