ចាប់ពីឆ្នាំក្រោយនេះតទៅ! កីឡាករលែងមានពាក្យថាទៅកើបលុយនៅចិនទៀតហើយ…

1051

សមាគមបាល់ទាត់ចិន (CFA) បានប្រកាសនូវច្បាប់ថ្មី ដែលជាវិធានការណ៍ក្នុងការកំណត់កំរិតប្រាក់ឈ្នួលរបស់កីឡាករក្នុងក្របខ័ណ្ឌលីគកំពូលចិន (Chinese Super League) ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុក្លឹប និងគាំទ្រកីឡាករអន្តរជាតិ។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក្រុមនៅក្នុង Chinese Super League បានវិនិយោគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ប៉ុន្តែលទ្ធផលមិនបានទៅតាមទិសដៅដែលបានកំណត់នោះទេ ។

ដូច្នេះវិធានការណ៍ថ្មីនេះ សមាគមនឹងកំណត់កំរិតប្រាក់ឈ្នួលរបស់កីឡាករនៅក្នុងលីគកំពូលចិន ។

ក្នុងនោះកីឡាករបរទេសនឹងទទួលបានប្រាក់ឈ្នួលមិនឲ្យលើស ៣ លានផោនទេក្នុងមួយឆ្នាំ។ ហើយសម្រាប់កីឡាករជាជនជាតិចិននឹងទទួលបានប្រាក់ឈ្នួលមិនឲ្យលើស ៦៣ ម៉ឺនផោនក្នុងមួយឆ្នាំ។

វិធានការនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ តទៅ ។ ប្រសិនបើក្រុមណាមួយរំលោភបំពានពួកគេអាចនឹងត្រូវកាត់បន្ថយពិន្ទុ ហើយនឹងត្រូវហាមឃាត់មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយសមាគម (CFA) ។

លោក Chen Xuyuan ប្រធានសមាគមកីឡាបាល់ទាត់ចិន បាននិយាយថាក្លឹបក្នុងលីគកំពូលចិនចំណាយ ១០ ដងច្រើនជាងក្លឹប K-League របស់កូរ៉េខាងត្បូង និង ៣ ដងច្រើនជាងក្រុម J-League របស់ជប៉ុន ប៉ុន្តែលទ្ធផលរបស់ក្រុមជម្រើសជាតិគឺនៅពីក្រោយពួកគេ ហើយឃ្លាតដាច់ឆ្ងាយពីពួកគេទៀត។

សម្រាប់វិធានការណ៍ថ្មីនេះ ក៏នឹងអាចជះឥទ្ធិពលដោយផ្ទាល់ដល់កីឡាករបរទេសដូចជាតារាឆ្នើមប្រេស៊ីល Oscar របស់ក្លឹប Shanghai SIPG បច្ចុប្បន្នជាដើម ដែលកំពុងទទួលយកប្រាក់ឈ្នួល ២៣ លានផោនក្នុងមួយឆ្នាំ ដែលខ្ពស់ជាងកម្រិតប្រាក់ឈ្នួលថ្មីនេះ ៨ ដង។