ចិន ប្រគល់សញ្ជាតិឲ្យខ្សែប្រយុទ្ធប្រេស៊ីលមួយរូប ត្រៀមជម្រុះ World Cup

639

ខ្សែប្រយុទ្ធរបស់ក្លឹប Guangzhou Evergrande កីឡាករ​ Elkeson ដើមកំណើតប្រេស៊ីលបានក្លាយជាកីឡាករដំបូងគេដែលមិនជាប់ខ្សែស្រឡាយចិន ត្រូវបានជ្រើសក្នុងបញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិចិន។

កីឡាករ​វ័យ ៣០ ឆ្នាំរូបនេះត្រូវបានកោះហៅពីសំណាក់គ្រូបង្វឹក Marcello Lippi សម្រាប់ត្រៀមក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ និងប្រកួតជម្រុះ AFC Asian Cup ឆ្នាំ ២០២៣ ដែលនឹងចាប់ផ្តើមនៅខែក្រោយ។

នេះជាលើកទីមួយហើយដែលសមាគមបាល់ទាត់ចិនហៅកាត់ថា CFA មានកីឡាករដែលមិនជាប់ខ្សែស្រឡាយចិន។ ទោះយ៉ាងណាក៏ដោយធ្លាប់មានកីឡាករ Nico Yennaris មួយរូបដែលកើតនៅអង់គ្លេស ប៉ុន្តែ​ម្តាយរបស់គេមា​ដើមកំណើតចិនធ្លាប់បានលេងតំណាងក្រុមជម្រើសជាតិចិនក្នុងការប្រកួតមិត្តភាពជាមួយហ្វីលីពីនកាលពីខែមិថុនាឆ្នាំ ២០១៩ កន្លងទៅ។

Elkeson មានសិទ្ធិលេងឲ្យជម្រើសជាតិចិនដោយសារតែរូបគេនៅមិនទាន់លេងតំណាងឲ្យប្រទេសកំណើតប្រេស៊ីលនៅឡើយ ហើយគេក៏មានជំនួញនៅប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៣ មក ទើបជួយឲ្យរូបគេទទួលសញ្ជាតិចិន។

គួរបញ្ជាក់ថា ចិនស្ថិតនៅក្នុងពូល A នៃវគ្គជម្រុះបឋម World Cup ២០២២ ជាមួយ ស៊ីរី, ហ្វីលីពីន, ម៉ាល់ឌីវ និងហ្គាម។ ចិននិងទៅប្រកួតបើកឆាកជាមួយម៉ាល់ឌីវនៅថ្ងៃទី ១០ ខែកញ្ញាមុនបើកទ្វាផ្ទះទទួលក្រុមភ្ងៀវហ្គាមនៅថ្ងៃទី ១០ ខែតុលា។

ប្រភព៖ Fox Sport Asia