ឈិន ឈឿន ប្រាប់​មូល​ហេតុ​ទៅ​ចូលរួម​ជាមួយ ​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង

1146

បន្ទាប់ពី​កីឡាករ ឈិន ឈឿន បាន​ផ្លាស់ប្ដូរ​ទ្រនំ​ថ្មី ​ពី​ក្លឹប​ក្រសួងការពារជាតិទៅ​ក្លឹប​ព្រះរាជ​ស្វាយ​រៀង មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល ដ្បិត​ពួកគេ​ស្ទើរ​មិន​ជឿ​ថា ខ្សែបម្រើ​ល្បឿន​លឿន​រូប​នេះ​ពិតជា​ចាក​ចេញពី​ក្លឹប ដែល​ខ្លួន​ធ្លាប់​រួមរស់​ជាមួយ​ជិត ១០​ឆ្នាំ។

​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្ដូរ​ទ្រនំ​ថ្មី​នេះ​ដែរ ត្រូវ​បាន​សាមីខ្លួន​អះ​អាង​ថា មិន​មានការល្អក់កករ​អ្វី​ជាមួយ​ក្លឹប​ចាស់​​ក្រសួងការពារជាតិ​នោះ​ទេ។ ឈិន ឈឿន បាន​ប្រាប់​នូវ​មូលហេតុ​នាំ​ឲ្យ​គេ​ផ្លាស់​ ទៅ​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​ថា ដោយសារ​គេ​ចង់បាន​បទពិសោធន៍​ថ្មី ក៏ដូចជា​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ប្អូន ដែល​ជា​យុវជន​របស់​ក្លឹប​ក្រសួង​ការពារជាតិ​បាន​បង្ហាញ​សមត្ថភាព។​

បន្ថែម​លើ​នេះ ឈិន ឈឿន បាន​សង្កត់​ធ្ងន់​ថា វា​គឺជា​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ស្រប​ពេល​ក្លឹប​ជើង​ឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៩ នេះត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2020 ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព និង​សម្រេច​ក្ដី​ស្រ​ម៉ៃ​ខ្លួន​ចង់​លេង​ពាន​នេះ។ មួយវិញ​ទៀត​ក៏​ជា​ឱកាស​បង្ហាញ​សមត្ថភាព ​ឲ្យ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ចាប់អារម្មណ៍ ដើម្បី​មានឱកាស​ជាប់​ជម្រើស​ជាតិ​ជាថ្មី​ផង​ដែរ៕

ប្រភព៖ Bayon TV