ញ៉ាក់សាច់! ក្លឹបយក្សម៉ាឡេស៊ី JDT ត្រៀមនាំចូល តារាធ្លាប់ឈ្នះពាន World Cup មួយរូប

17543

យោងតាមប្រភពព័ត៌មានពីប្រទេសម៉ាឡេស៊ី បានឲ្យដឹងថាក្លឹបយក្ស Johor Darul Ta’zim (JDT) កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាលើអតីតកីឡាករធ្លាប់ឈ្នះពាន FIFA World Cup មួយរូប។

ព័ត៌មានដែលកំពុងល្បីៗសុះសាយនេះ ផ្តើមចេញពីភ្នាក់ងារកីឡាករមួយរូបលោក Juan Budiman បានបង្ហោះនៅលើបណ្តាញសង្គម Twitter ជាមួយរូបភាពរបស់ក្រុមជម្រើសជាតិអឺរ៉ុបចំនួន ៣ ប្រទេសរួមមាន បារំាង អេស្ប៉ាញ និងអាឡឺម៉ង់ ជាមួយនិង Caption សរសេរថា៖ ” ទាន់ហេតុការណ៍ៈ JDT កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើកីឡាករធ្លាប់ឈ្នះពាន World Cup មួយរូបដោយគ្មានតម្លៃខ្លួន“។

ស្របពេលជាមួយគ្នានេះ កាសែត New Straits Times ក៏បានរាយការណ៍ស្រដៀងគ្នាថាកីឡាករ Fernando Llorente, David Silva, Pedro Rodriguez, Blaise Matuidi, Nabil Fekir និង Mario Gotze បច្ចុប្បន្នគឺជាកីឡាករដែលនៅទំនេរពីក្រុមជម្រើសជាតិ ហើយថែមទាំងគ្មានតម្លៃខ្លួន អាចឲ្យ JDT ពិចារណាដើម្បីចុះហត្ថលេខានារដូវកាលខាងមុខនេះបាន។

ទន្ទឹមនឹងពាក្យចចាមអារាមទាំងនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនសន្និដ្ឋានថាអាចជាខ្សែប្រយុទ្ធដែលធ្លាប់ឈ្នះពាន World Cup ២០១៤ ជាមួយអាឡឺម៉ង់កីឡាករ Lukas Podolski ព្រោះរូបគេបានចូលនិវត្តន៍ពីជម្រើសជាតិ ហើយបានប្រកាសត្រៀមដើរចេញពីក្លឹបលីគកំពូលជប៉ុន Vissel Kobe ក្រោយចប់រដូវកាលនេះ។

គួរដឹងដែរថា ជើងឯកលីគកំពូលម៉ាឡេស៊ី ៦ សម័យ Johor Darul Ta’zim បានជាប់ក្នុងវគ្គចែកពូលស្វ័យប្រវត្តិក្នុងពានរង្វាន់ AFC Champions League ជាលើកដំបូង ដែលញ៉ាំឲ្យក្លឹបកំពុងតែព្យាយាមពង្រឹងបន្ថែមទៀតនៅយុទ្ធសាស្រ្តថ្មី។