តើក្រុម U-18 កម្ពុជា អាចដណ្ដើម៣ពិន្ទុពី U-18 ម៉ាឡេស៊ី បានទេរសៀលនេះ?

350

ក្រុមបាល់ទាត់ជម្រើសជាតិ U-18 កម្ពុជា​ នឹងត្រូវប៉ះក្រុមបាល់ទាត់ U-18 ម៉ាឡេស៊ី​ នាវេលាម៉ោង ៣ៈ៣០នាទីរសៀលនេះ ដែលជាប្រកួតទី៣ ក្នុងពូល B ក្នុងព្រឹត្តិការណ៍ AFF U-18 Championship 2019 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។​

ការប្រកួតនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រកម្ពុជាយ៉ាងខ្លាំង បន្ទាប់ពីពួកគេ យកឈ្នះក្រុមខ្លាំង U-18 ថៃ ៤-៣ កាលពីថ្ងៃសុក្រ។ អ្វីដែលសំខាន់ អ្នកគាំទ្រចង់ឃើញក្រុម U-18 កម្ពុជា យកឈ្នះក្រុម U-18 ម៉ាឡេស៊ី ដែលដឹកនាំដោយលោក Brad Maloney បន្ទាប់ពីបុរសជនជាតិអូស្ដ្រាលីរូបនេះ ធ្លាប់បានអះអាងថា កម្ពុជាមិនមែនជាដៃគូស្វិតស្វាញរបស់ខ្លួន។​

លោក Brad Maloney ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រៅស្រុកមួយថា សម្រាប់គូប្រជែងសំខាន់ក្នុងពូល B ដែលក្រុមខ្លួនទន្ទឹងចង់ជួប គឺមាន ៣ ក្រុម តែមិនមានវត្តមានក្រុម U-18 កម្ពុជានោះទេ។ ៣ក្រុម ដែលគ្រូបង្វឹកក្រុម U-18 ម៉ាឡេស៊ី ចាត់ទុកជាគូប្រកួតប្រជែងដ៏ស្វិតស្វាញនោះ រួមមានម្ចាស់ផ្ទះវៀតណាម ថៃ និងអូស្ដ្រាលី។

គួរដឹងថា បច្ចុប្បន្នក្រុមយុវជន U-18 កម្ពុជា និងម៉ាឡេស៊ី កំពុងកាន់ ៣ពិន្ទុដូចគ្នា បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១។ ដូច្នេះរសៀលនេះ គឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ដែលទាមទារឈ្នះរៀងៗខ្លួន ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ៕ ចាំមើលក្រុមគោព្រៃជំទង់កម្ពុជា អាចបញ្ចប់កំនួតម៉ាឡេស៊ីបានទេ?

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា