អ្នកគ្រប់គ្រងក្លឹប SCG Muangthong United លោក Kan Janrath បានចេញមកបញ្ជាក់ពីអនាគតរបស់អ្នកចាំទីវៀតណាម Dang Van Lam ថាតើគាត់នឹងបន្តស្នាក់នៅជាមួយក្រុមដែរឫយ៉ាងណា?
បន្ទាប់ពីត្រូវបាត់បង់តំណែង ១១ នាក់ដំបូងក្នុង ២ ប្រកួតចុងក្រោយទៅឲ្យអ្នកចាំទីដៃទី ២ សញ្ជាតិថៃ Somporn Yos មុនពេលសំរាកក្នុងកំឡុងពេលកូវីដ-១៩, Van Lam ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបជាច្រើននៅស្រុកកំណើត។ យ៉ាងណាមិញថ្នាក់ដឹកនាំក្លឹប ក៏បានចេញមកស្រាយចម្ងល់ដូចខាងក្រោម។
លោក Kan Janrath បានប្រាប់កាសែត SMM Sport ថា “យើងបានសួរទៅគ្រូបង្គោលលោក Alexandre Gama នូវអ្វីដែលគាត់គិតអំពី Van Lam, Gama គាត់តបវិញថា Van Lam ជាអ្នកចាំទីល្អ។ គាត់មិនបានចាត់ទុកអ្នកណាជាដៃទី ១ ឬទី ២ ទេ គាត់សម្លឹងឃើញល្អទាំង ២ នៅក្នុងក្រុម និងចេះជួយគាំទ្រគ្នាពេលក្រុមត្រូវការ ដូច្នេះបើនិយាយពីគ្រូបង្វឹកគាត់ចង់រក្សាទាំង ២ នាក់” ។
Kan Janrath បន្តថា “ក្រោយសម្រាកអ្វីៗនិងស្មើរគ្នាវិញ ពួកគេទាំង ២ ត្រូវតែព្យាយាមធ្វើឱ្យបានល្អ ដើម្បីទទួលបានទំនុកចិត្តពីគ្រូបង្វឹកអ្នកចាំទី។ ខ្ញុំជឿថាពួកគេទាំង ២ នៅមានទំនាក់ទំនងគ្នាល្អ ហើយមានគុណសម្បត្តិខុសៗគ្នា។ ដោយសារតែការប្រកួតប្រជែងនៅវែងឆ្ងាយ ពេលខ្លះចាំបាច់ត្រូវផ្លាស់ប្តូរអ្នកចាំទី” ។