ធារី បញ្ជាក់មូលហេតុចេញពី Sukhothai ត្រលប់ទៅម៉ាឡេស៊ីវិញ

555

បន្ទាប់ពីចូលរួមជាមួយក្លឹប Sukhothai FC នៃក្របខណ្ឌ Thai League 1 មិនទាន់បាន៣ខែស្រួលបួលផង ខ្សែបម្រើ ប៊ិន ចន្ថាធារី នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា បានប្រកាសពីការវិលត្រឡប់ទៅក្របខណ្ឌកំពូលម៉ាឡេស៊ីវិញនៅរដូវកាល២០២០នេះ ដោយចុះកិច្ចសន្យាជាមួយក្លឹប Perak FA។

កីឡាករកូនខ្មែរបារាំងបញ្ជាក់ថា ដំណើរចាកចេញពីលីគកំពូលថៃធ្វើឡើងដោយមានការព្រមព្រៀងទាំងសងខាង ពោលគឺរវាងរូបគេ និងក្លឹប Sukhothai ហើយក៏ចាត់ទុកជាឱកាសល្អដែលបានវិលទៅ Malaysia Super League ជាទីធ្លាប់ចំណាយពេលបាន ២ រដូវកាល។

អតីតសមាជិកភ្នំពេញក្រោនពន្យល់ ៖”អត់មានអីបញ្ជាក់ច្រើនដែរទេ ការចាកចេញរបស់ខ្ញុំពី Sukhothai ដោយសារការព្រមព្រៀងទាំងសងខាង។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានវិលមកម៉ាឡេស៊ីវិញជាទីកំណើតកូនស្រីរបស់ខ្ញុំ ហើយខ្ញុំរីករាយចំពោះការចូលរួមការងារជាមួយក្លឹប និងក្រុមការងារទាំងអស់។ ម្យ៉ាងទៀត គ្រូបង្វឹកក៏ស្គាល់ខ្ញុំ ដូចនេះវាពិតជាងាយស្រួលសម្រាប់ខ្ញុំ និងប្រកបដោយទំនុកចិត្ត”។

គួររំឭកថា ធារី ធ្លាប់ចំណាយពេល ២ រដូវកាលចន្លោះឆ្នាំ២០១៨ ដល់២០១៩ នៅក្លឹប Terengganu FA ដោយរួមចំណែកជួយក្លឹបចាស់មួយនេះបានជើងឯករង Malaysia Cup នៅឆ្នាំដំបូងរបស់ខ្លួន៕

អត្ថបទ៖ CNCC