ក្រុមបាល់ទាត់បុរសកូរ៉េខាងត្បូង បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ East Asian Championship 2019 ក្រោយពីយកឈ្នះក្រុមបាល់ទាត់បុរសជប៉ុន ១-០ នៅកីឡដ្ឋាន Asiad Main Stadium ក្នុងទីក្រុងប៊ូសាន កាលពីថ្ងៃពុធម្សិលមិញ។
មួយគ្រាប់របស់ខ្សែបម្រើ Hwang In-beom នៅនាទី ២៧’ ធ្វើឲ្យក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូងលើកពាននេះជាលើកទី ៣ ដោយឈ្នះលើកដំបូងក្នុងឆ្នាំ ២០០៣ នឹងលើកទី ២ នៅឆ្នាំ ២០០៨។
នេះជាពានរង្វាន់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីបូព៌ា (EAFF) ដែលមាន ៤ ប្រទេសចូលរួម មានដូចជា កូរ៉េខាងត្បូង ជប៉ុន ចិន នឹងហុងកុង ដែលប្រើរូបមន្តប្រកួតក្នុងពូលសន្សំពិន្ទុ។
ទន្ទឹមជាមួយគ្នានេះ ក្រុមបាល់ទាត់ស្រី្តជប៉ុន ក៏បានយកឈ្នះក្រុមបាល់ទាត់ស្ត្រីកូរ៉េខាងត្បូង ដោយលទ្ធផល ១-០ នៅមុន១ថ្ងៃផងដែរ ដើម្បីលើកពាន East Asian Championship ២០១៩ របស់នារីនេះ។