ប្រធានក្លឹប Barcelona បញ្ជាក់យ៉ាងច្បាស់ថា Ronald Koeman ជាអ្នកចាត់ការថ្មីរបស់ក្លឹប

183

ប្រធានក្លឹបលោក Josep Maria Bartomeu បានមានប្រសាសន៍ថាលោក Ronald Koeman នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប Barcelona។

ថ្លែងនៅរាត្រីថ្ងៃអង្គារនេះលោក Bartomeu បាននិយាយថា “Koeman គឺជាអ្នកដែលយើងបានជ្រើសរើស ប្រសិនបើគ្មានការប្រែប្រួលទេ គាត់នឹងក្លាយជាគ្រូបង្វឹកនៅរដូវកាលក្រោយ“។

Ronald Koeman សញ្ជាតិហូឡង់ដែលមានវ័យ ៥៧ ឆ្នាំ បានហោះទៅទីក្រុងបាសេឡូណាកាលពីថ្ងៃអង្គារដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាមួយក្លឹប។ លោកធ្លាប់ជាអតីតកីឡាកររបស់ក្លឹបយក្សអេស្ប៉ាញមួយនេះក្នុងឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៥។ បច្ចុប្បន្នលោកជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិហូឡង់។

Koeman arrives in Barcelona - AS.com

ទន្ទឹមជាមួយគ្នានេះ មានពាក្យចចាមអារាមថាតារាឆ្នើម Lionel Messi របស់ក្រុមអាចនឹងចាកចេញ ប៉ុន្តែ Bartomeu បានស្រាយចម្ងល់ផងដែរថា “Messi ចង់បញ្ចប់អាជីពរបស់គាត់នៅ Barca គាត់បាននិយាយច្រើនដងហើយ ខ្ញុំក៏បានប្រាប់ Koeman ហើយថាសរសរគ្រឹះនៃគំរោងរបស់យើងគឺ Messi គាត់មានកិច្ចសន្យារហូតដល់ឆ្នាំ ២០២១“។

ប្រធានក្លឹបខាងលើក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមថា “គម្រោងថ្មីរបស់ក្លឹបគឺការរុះរើក្រុមយ៉ាងស៊ីជម្រៅតាមការចាំបាច់ ខ្ញុំបានសំរេចចិត្តផ្តល់ឱកាសដល់កីឡាករជំនាន់នេះសំរាប់មួយឆ្នាំទៀត“។