ប្រវត្តិ ១២ឆ្នាំកន្លង​មក​ នៃពានរង្វាន់សម្ដេចតេជោ ស្របពេលវគ្គ ១៦ក្រុមកំពុងចាប់ផ្ដើម

279

ស្របពេលពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៣ ឆ្នាំ ២០១៩ ឈានដល់វគ្គ ១៦ក្រុមចុងក្រោយនៅថ្ងៃនេះ តាមរយៈ Fox Sport បានលើកយកនូវប្រវត្តិខ្លះៗរបស់ពានរង្វាន់អនុញ្ញាតឲ្យប្រើប្រាស់តែកីឡាករខ្មែរសុទ្ធមួយនេះ។

ពានរង្វាន់មួយនេះចាប់ផ្ដើមដំបូងនៅឆ្នាំ ២០០៧ ហើយប្រារព្ធធ្វើពុំដែលដាច់រហូតមកដល់បច្ចុប្បន្ន។ រដូវកាល ២០១៩ នេះ ជាការប្រកួតលើកទី ១៣ ដោយមានក្លិបអាជីពទាំង ១៣ (U18 បាទីដកខ្លួន) បូករួមនិងក្លិបបាល់ទាត់មកពីខេត្ត ៣ ដែលដណ្ដើមបានកៅអីពីការប្រកួតថ្នាក់ខេត្ត។

របៀបនៃការប្រកួតក្នុងឆ្នាំនេះ មានការជម្រុះក្នុងកម្រិតខេត្តទូទាំងប្រទេស ហើយរកបានក្រុម ៣រួមមាន ត្បូងឃ្មុំ សៀមរាប និងរតនគិរី។ តាមពិត វគ្គជម្រុះថ្នាក់ខេត្តត្រូវជ្រើសយកតែក្រុមជើងឯក និងជើងឯករងប៉ុណ្ណោះ មកចូលរួមការប្រកួតវគ្គ ១៦ក្រុមថ្នាក់ជាតិ ប៉ុន្តែការដកខ្លួនរបស់សាលាបាល់ទាត់បាទី ក្រោមហេតុផលការពារការប្រកួតហួសកម្លាំងរបស់យុវជន ធ្វើឲ្យមានការផ្ដល់កៅអីទី ៣ ដល់ក្រុមមកពីថ្នាក់ខេត្ត។ ការប្រកួតវគ្គ ១៦ក្រុមក្នុងឆ្នាំនេះ នឹងត្រូវធ្វើឡើង ២ជើង នៅចន្លោះថ្ងៃទី ២៦ មិថុនា ដល់ថ្ងៃទី ១៨ កក្កដា។

ងាកទៅការប្រកួត ១២លើកកន្លងមកវិញ គេមើលឃើញថា ព្រះខ័នរាជស្វាយរៀងជាម្ចាស់ពានរង្វាន់សម្តេចតេជោច្រើនលើកជាងគេ ពោលធ្លាប់ឈ្នះ ៤លើក នៅឆ្នាំ ២០១១ ២០១២ ២០១៥ និង ២០១៧។ ក្រសួងការពារជាតិធ្លាប់ឈ្នះ ៣លើក នៅឆ្នាំ ២០១០ ២០១៦ និង ២០១៨ ខណៈភ្នំពេញក្រោនឈ្នះ ២លើកជាប់គ្នា នាឆ្នាំ ២០០៨ និង ២០០៩។

ខាងក្រោមនេះ ជាការបង្ហាញជយលាភីពីលេខ ១ដល់លេខ ៣ ទាំង ១២ឆ្នាំ រួមនិងកីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍ផងដែរ។

២០០៧
ជើងឯក៖ ខេមរាកីឡា (ឈ្នះណាហ្កា)
ជើងឯករង៖ ណាហ្គាវើលដ៍
លេខ ៣៖ ភ្នំពេញអឹមផាយអឺរ
ស្បែកជើងមាស៖ ហុក សុជីវ័ន

២០០៨
ជើងឯក៖ ភ្នំពេញក្រោន
ជើងឯករង៖ ព្រះខ័នរាជស្វាយរៀង
លេខ ៣៖ បៀលប្រាយយូណាធីត
ស្បែកជើងមាស៖ សុក ច័ន្ទរស្មី (១២គ្រាប់)

២០០៩
ជើងឯក៖ ភ្នំពេញក្រោន
ជើងឯករង៖ ណាហ្គាវើលដ៍
លេខ ៣៖ ព្រះខ័នរាជស្វាយរៀង
ស្បែកជើងមាស៖ គួច សុកុម្ភៈ (២១គ្រាប់)

២០១០
ជើងឯក៖ ក្រសួងការពារជាតិ
ជើងឯករង៖ ភ្នំពេញក្រោន
លេខ ៣៖ ព្រះខ័នរាជស្វាយរៀង
ស្បែកជើងមាស៖ គួច សុកុម្ភៈ និង ស្រី វាសនា (២០គ្រាប់ដូចគ្នា)

២០១១
ជើងឯក៖ ព្រះខ័នរាជស្វាយរៀង
ជើងឯករង៖ បៀលប្រាយយូណាធីត
លេខ ៣៖ ណាហ្គាវើលដ៍
ស្បែកជើងមាស៖ ឃួន ឡាបូរ៉ាវី (២២គ្រាប់)

២០១២
ជើងឯក៖ ព្រះខ័នរាជស្វាយរៀង
ជើងឯករង៖ ណាហ្គាវើលដ៍
លេខ ៣៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ស្បែកជើងមាស៖ ឃួន ឡាបូរ៉ាវី (២២គ្រាប់)

២០១៣
ជើងឯក៖ ណាហ្គាវើលដ៍
ជើងឯករង៖ ក្រសួងការពារជាតិ
លេខ ៣៖ ភ្នំពេញក្រោន
ស្បែកជើងមាស៖ ចាន់ វឌ្ឍនាកា (១១គ្រាប់)

២០១៤
ជើងឯក៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ជើងឯករង៖ បៀលប្រាយយូណាយធីត
លេខ ៣៖ បឹងកេត
ស្បែកជើងមាស៖ ឃួន ឡាបូរ៉ាវី (១២គ្រាប់)

២០១៥- ព្រះខ័នរាជ (ឈ្នះណាហ្កាវើល)
ជើងឯក៖ ព្រះខ័នរាជស្វាយរៀង
ជើងឯករង៖ ណាហ្គាវើលដ៍
លេខ ៣៖ អង្គរថាយហ្គឺរ
ស្បែកជើងមាស៖ ប្រាក់ មុន្នីឧត្ដម (២៤គ្រាប់)

២០១៦
ជើងឯក៖ ក្រសួងការពារជាតិ
ជើងឯករង៖ ព្រះខ័នរាជស្វាយរៀង
លេខ ៣៖ ភ្នំពេញក្រោន
ស្បែកជើងមាស៖ សួង វីវៈ (២៥គ្រាប់)

២០១៧
ជើងឯក៖ ព្រះខ័នរាជស្វាយរៀង
ជើងឯករង៖ ណាហ្គាវើលដ៍
លេខ ៣៖ អគ្គិសនីកម្ពុជា
ស្បែកជើងមាស៖ ឃួន ឡាបូរ៉ាវី (១៦គ្រាប់)

២០១៨
ជើងឯក៖ ក្រសួងការពារជាតិ
ជើងឯករង៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
លេខ ៣៖ អង្គរថាយហ្គឺរ និងណាហ្គាវើលដ៍ (លេខ ៣ស្ទួន)
ស្បែកជើងមាស៖ នួន បូរី (៧គ្រាប់)

សម្រាប់ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៣ ឆ្នាំ ២០១៩ ថ្នាក់ជាតិ ធ្វើឡើងចាប់ពីចុងខែមិថុនានេះ រហូតដល់វគ្គផ្ដាច់ព្រ័ត្រអំឡុងពាក់កណ្ដាលខែវិច្ឆិកាខាងមុខ៕

ប្រភព៖ Fox Sport Asia