ព្រឹត្តិការណ៍​កីឡា​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី ៦ នឹង​ចូល​មកដល់​ក្នុង​រយៈពេល ៤​ថ្ងៃ​ទៀត

275

ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក សម្តែង​នូវ​ភាព​ត្រេកអរ​ដែល​ទទួលបាន​អ្នក ចុះឈ្មោះ​ចូលរួម​រត់​ក្នុង​ទិវា​កីឡា​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី ៦ រហូត​ទៅដល់ ៣៥០០ នាក់ ដែលជា​ចំនួន​កើនឡើង​ប្រមាណ ២០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ក្នុងនោះ​មាន​ប្រទេស​ចំនួន​៤៨​ប្រទេស​ចូលរួម មាន​១៥៥០ ជា​ជនបរទេស ខណៈពេលដែល​ព្រឹត្តិការណ៍​នេះ​នៅសល់​ត្រឹមតែ ៤​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ដែល​វា​នឹង​កើត ឡើង​នៅមុខ​ប្រាសាទអង្គរវត្ត ព្រហាម​ម៉ោង ៥​ព្រឹក តទៅ​។

លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រិ​ជិ​ស បាន​សម្តែង​នូវ​ភាព ត្រេកអរ​ថា “​ក្នុងនាម​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ក្នុង​កម្មវិធី​នេះ យើង​ពិត​ជាមាន​សេចក្តី​សោមនស្ស​រីករាយ​បំផុត ដែល​ទទួលបាន​ព័ត៌មាន​នៃ​ការចុះឈ្មោះ​រត់​ពី​សំណាក់​មហាជន ក្នុង​កម្មវិធី ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​ឆ្នាំនេះ​បន្ត​កើនឡើង​រហូតដល់ ២០ ភាគរយ ព្រោះ​ការចូលរួម​នេះ​នឹង​ផ្តល់ ផលប្រយោជន៍​កាន់តែច្រើន​ដល់​កុមារ​ក្រីក្រ មន្ទីរពេទ្យ និង គម្រោង​អង្គការ​អភិវឌ្ឍន៍ ដែលជា​ក្រុម​គោលដៅ​នៃ​ការ​បរិច្ចាគ​ថវិកា​ដែល​ប្រមូល​បានមកពី​ការចុះឈ្មោះ​របស់​មហាជន​។​”

​ហើយ​លោកស្រី​ក៏បាន​ផ្តាំផ្ញើរ​ដល់​អ្នក​ដែល​បាន​ចុះឈ្មោះ​រត់​រាល់ សូម​ត្រៀមខ្លួន​ហ្វឹកហាត់ សម្រាក និង បរិភោគ​អាហារ​អោយបាន​គ្រប់គ្រាន់​ដើម្បី​ត្រៀម​រត់​អោយបាន​ល្បឿន​លឿន និង ឆាប់​ដល់ទី ព្រោះ​ពេលវេលា​នៃ​ព្រឹត្តិការណ៍​មកកាន់​តែ​កៀក​ត្រឹមតែ ៤​ថ្ងៃ​ទៀត តែប៉ុណ្ណោះ​។​”