ភ្នាក់ងារអ្នកចាំទី Dang Van Lam នឹងក្លឹប Muangthong United កំពុងតឹងសរសៃករដាក់គ្នារឿងកិច្ចសន្យា

132

លោក Andrey Grushin ដែលជាភ្នាក់ងាររបស់អ្នកចាំទីវៀតណាម Dang Van Lam បានបង្ហោះនៅលើបណ្តាញសង្គមប្រាប់ទៅគ្រប់គ្នាថា ឱ្យរង់ចាំការសម្រេចរបស់ FIFA ថាតើអ្នកណាខុសអ្នកណាត្រូវ ។

ការបង្ហោះបែបនេះ បន្ទាប់ពីលោកបានដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក រឿងកិច្ចសន្យា Van Lam ជាមួយក្លឹបថៃ ។

កាលពីសប្តាហ៍មុនលោក Andrey បានបង្ហោះសារថាកីឡាកររបស់លោក (Dang Van Lam) បានបញ្ចប់កុងត្រាជាមួយក្លឹប Muangthong United ហើយ ក្រោមហេតុផលខាងភាគីក្លឹបរំលោភលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ។

ជាមួយគ្នានោះដែរ Muangthong United ក៏បានឆ្លើយតបទៅវិញថា ពួកគេមិនដែលរំលោភលើប្រាក់ឈ្នួលរបស់កីឡាករទេ។ មានតែស្នើសុំកាត់ ៣០ ភាគរយស្របតាមសេចក្តីណែនាំរបស់ FIFA ។ ក្លឹបបានធានារ៉ាប់រងបើកប្រាក់ខែដែលនៅសល់នៅខែមករា ដូច្នេះរូបគេគ្មានសិទ្ធិលុបចោលកិច្ចសន្យាដោយខ្លួនឯងបានទេ។

គួរបញ្ជាក់ថា កិច្ចសន្យារបស់ Van Lam មានសុពលភាពរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២១ ប៉ុន្តែដោយសារតែ Covid-19 កាលវិភាគ Thai League ត្រូវបានផ្លាស់ប្តូរទើបបង្ខំឱ្យកិច្ចសន្យាមានគម្លាតទៅដល់ខែឧសភាឆ្នាំ ២០២២ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុក្លឹបមិនទាន់បានទូទាត់ប្រាក់នៅឡើយ។ ប្រការនេះហើយទើបភ្នាក់ងារលោក Andrey Grushin បាននិយាយថាជាការរំលោភកិច្ចសន្យា។

សម្រាប់ Dang Van Lam បានផ្លាស់ទៅកាន់ក្លឹប SCG Muangthong United ពីក្លឹប Hai Phong FC ក្នុងតម្លៃ ៥០ ម៉ឺនដុល្លារក្នុងរដូវកាល ២០១៩ ។ រូបគេបង្ហាញខ្លួនសរុបបាន ៤២ ប្រកួតគ្រប់កម្មវិធី ។

បច្ចុប្បន្នក្រោយការឡើងកាន់តំណែងពីអ្នកចាត់ការថ្មីសញ្ជាតិសែប៊ីលោក Mario Gjurovski អ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះបានក្លាយជាជម្រើសទី ២។ ថ្មីៗនេះក៏មានក្លឹបល្បីៗមួយចំនួនចាប់អារម្មណ៍លើរូបគេផងដែរដូចជា Cerezo Osaka (ជប៉ុន), Dynamo Moscow (រុស្ស៊ី) និង Sporting Braga (ព័រទុយហ្កាល់) ជាដើម ។