ភ្នាក់ងារ Bale ថាកំពុងរត់ការយក Bale មកកាន់ Spurs វិញ

62

ភ្នាក់ងាររបស់ Gareth Bale លោក Jonathan Barnett បានប្រាប់សារព័ត៌មាន BBC Sport របស់ប្រទេសវែលថា លោកកំពុងពិភាក្សាជាមួយក្លឹប Tottenham អំពីកិច្ចព្រមព្រៀងមួយដែលអាចយកខ្សែប្រយុទ្ធឆ្នើមរូបនេះពី Real Madrid ត្រឡប់មកកាន់ក្លឹបចាស់វិញ។

Bale នៅសល់កុងត្រារយៈពេល ២ ឆ្នាំទៀតជាមួយក្លឹបអេស្ប៉ាញ Real Madrid ដែលរកបាន ៦០ ម៉ឺនផោនក្នុងមួយសប្តាហ៍ ។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានផ្លាស់ពី Spurs ទៅ Real កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃកំណត់ត្រាពិភពលោក ៨៥ លានផោន (១០៩ លានដុល្លារ) កាលសម័យនោះ ។

លោក Jonathan Barnett ដែលជាភ្នាក់ងារបាននិយាយថា ” Bale នៅតែស្រលាញ់ Spurs  យើងកំពុងពិភាក្សា វាជាកន្លែងដែលគាត់ចង់ទៅ ” ។

ប៉ុន្តែយោងតាមរបាយការណ៍ផ្សេងទៀត បានអះអាងថា Spurs ទំនងជាមានលទ្ធភាពត្រឹមតែខ្ចីជើងលើខ្សែប្រយុទ្ធសញ្ជាតិវែលរូបនេះតែប៉ុណ្ណោះ ខណៈដែលកិច្ចព្រមព្រៀងទិញយកជាអចិន្រ្តៃយ៍ប្រហែលមិនអាចកើតឡើងទេនៅក្នុងដំណាក់កាលនេះ ។