មកដឹង! លក្ខខ័ណ្ឌប្រកួតពានរង្វាន់ ACL 2021 ដែលមាន ៤០ ក្រុម

102

គេហទំព័រសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសជាផ្លូវការថាការប្រកួតជម្រុះតាមពូលនៃពានរង្វាន់ AFC Champions League ឆ្នាំ ២០២១ នឹងត្រូវលេងនៅលើទឹកដីកណ្តាល ដោយបែងចែកទៅតាមតំបន់ មានអាស៊ីខាងកើត និងខាងលិច ។

ប្រទេសមួយដែលជាម្ចាស់ផ្ទះ នឹងត្រូវប្រកាសបន្ទាប់ពីការចាប់ឆ្នោតចែកពូលនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ ដើម្បីអនុញ្ញាតិឱ្យក្រុមទាំងអស់អនុវត្តសកម្មភាពរបស់ខ្លួនបានទាន់ពេលវេលា។

សម្រាប់ពានរង្វាន់ Champions League ឆ្នាំ ២០២១ នេះ ត្រូវបានបន្ថែមពី ៣២ ដល់ ៤០ ក្រុមចែកចេញជា ២ តំបន់ដោយ ៥ ពូលមាន ២០ ក្រុមក្នុងតំបន់អាស៊ីខាងលិចនឹង ៥ ពូលមាន ២០ ក្រុមក្នុងតំបន់អាស៊ីខាងកើត។

កម្មវិធីចាប់ឆ្នោតជ្រើសរើសពូល នឹងប្រព្រឹត្តទៅនៅថ្ងៃពុធទី ២៧ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៤:៣០ នាទី នៅការិយាល័យកណ្តាលទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ បន្ទាប់មក AFC នឹងផ្តល់ឱកាសដល់ប្រទេសដែលជ្រើសរើសជាម្ចាស់ផ្ទះដើម្បីត្រៀមខ្លួនរៀបចំការប្រកួត ក្រោមទំរង់ដីកណ្តាលដូចជារដូវកាល ២០២០ ដែលធ្វើឡើងនៅប្រទេសកាតា ។