មកមើល ១០ ក្លឹបនៅអាស៊ីអាគ្នេយ៍ ដែលមានតម្លៃខ្លួនកីឡាករថ្លៃជាងគេបំផុត

8179

ក្របខ័ណ្ឌលីគបាល់ទាត់នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជិតចាប់ផ្តើមរដូវកាលថ្មី ២០២០ នាសប្តាហ៍ខាងមុខនេះហើយ។ ខណៈមានក្លឹបចំនួន ១៤ ទទួលបានឪកាសប្រកួតប្រជែងក្នុងពានលំដាប់ទ្វីបអាស៊ីដោយមាន ២ ក្លឹបនៅ AFC Champions League និង ១២ ក្លឹបផ្សេងទៀតនៅ AFC Cup។

ក្រៅពីពានរង្វាន់ក្នុងស្រុក ការទទួលបានឪកាសទៅបង្ហាញសមត្ថភាពក្នុងពានរង្វាន់លំដាប់ទ្វីប និងអន្តរជាតិ មិនមែនជារឿងចៃដន្យឡើយសម្រាប់ក្លឹបទាំងនោះ កត្តាដែលសំខាន់បំផុតគឺទេពកោសល្យកីឡាករដែលក្លឹបទាំងនោះមាន ដោយពួកគេហ៊ានចំណាយលុយវាល់លានលើទីផ្សារដោះដូរកីឡាករជារៀងរាល់ឆ្នាំ។

ដោយផ្អែកលើទិន្នន័យពីគេហទំព័រ TransferMarkt យើងស្រង់បាននូវស្ថិតិតម្លៃខ្លួនកីឡាកររបស់ក្លឹបទាំង ១០ នៅតំបន់អាស៊ីអាគ្នេយ៍មានដូចខាងក្រោម៖

១០. PSM Makassar (លីគកំពូលឥណ្ឌូនេស៊ី) / PT Prachuap FC (លីគកំពូលថៃ) – តម្លៃ ៤,០១ លានផោន

ចំណាត់ថ្នាក់ទី ១០ មានក្លឹបចំនួន ២ គឺ PSM Makassar របស់ឥណ្ឌូនេស៊ី និង PT Prachuap FC របស់ប្រទេសថៃ ដែលមានតម្លៃខ្លួន ៤.០១ លានផោនក្នុងមួយក្រុម។ PSM Makassar បានបញ្ចប់ចំណាត់ថ្នាក់លេខ ១២ ក្នុងតារាងលីគកំពូលឥណ្ឌូណេស៊ីរដូវកាលនេះ ខណៈ PT Prachuap បញ្ចប់នៅលេខ ៩ ក្នុងលីគកំពូលថៃ ហើយជាម្ចាស់ជើងឯកពានរង្វាន់ Thai League Cup នៅរដូវកាល ២០១៩ នេះផងដែរ។

៩. Chiangrai United (លីគកំពូលថៃ) តម្លៃ ៤,២១ លានផោន

Chiangrai United ជាម្ចាស់ជើងឯកលីគកំពូលថៃរដូវកាល ២០១៩ ហើយបានលេងនៅ AFC Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្លឹបមានមូលដ្ឋានជាប់ព្រំប្រទល់មីយ៉ាន់ម៉ាមួយនេះ ប្រើពេលតែ ២-៣ ខែចុងក្រោយប៉ុណ្ណោះអាចក្លាយជាក្លឹបអ្នកមានបំផុតចំណាត់ថ្នាក់ទី ៩ នៅអាស៊ីអាគ្នេយ៍។ បញ្ជីកីឡាករសរុបរបស់ក្លឹបបច្ចុប្បន្នមានតម្លៃ ៤,២១ លានផោន បើគិតពីកីឡាករកំពូលមួយចំនួនមាន ខ្សែប្រយុទ្ធប្រេស៊ីល Rosimar Amancio មានតម្លៃផ្ទេរ ៤៥០,០០០ ផោន និងខ្សែបម្រើសញ្ជាតិកូរ៉េខាងត្បូង Lee Yong-rae  មានតម្លៃ ៣៦០,០០០ ផោន។

៨. TIRA-Persikabo (លីគកំពូលឥណ្ឌូនេស៊ី) តម្លៃ ៤,២៣ លានផោន

ក្លឹប TIRA-Persikabo ជិតតែធ្លាក់ទៅលេងនៅលីគទី ២ ឥណ្ឌូនេស៊ីទៅហើយនៅរដូវកាលមុន បច្ចុប្បន្នក្លឹបមានតម្លៃថ្លៃជាងគេទី ៨ នៅអាស៊ីអាគ្នេយ៍។ ខ្សែបម្រើ Petteri Pennanen ដែលក្លឹបចំណាយ ៤០៥,០០០ ផោនទិញពីក្លឹបលីគកំពូលរបស់ប្រទេសហ្វាំងឡង់គឺជាកីឡាករថ្លៃជាងគេក្នុងក្រុម។

៧. Suphanburi FC (លីគកំពូលថៃ) តម្លៃ ៤,៦៤ លានផោន

ដំបូងឡើយ Suphanburi FC ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Thai League 1 បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង ប៉ុន្តែត្រូវសហព័ន្ធអនុញ្ញាតឱ្យបន្តនៅក្របខ័ណ្ឌកំពូលរបស់ថៃសម្រាប់ឆ្នាំ ២០២០ វិញក្រោយ PTT Rayong សម្រេចដកខ្លួន។ ខ្សែប្រយុទ្ធប្រេស៊ីល Dellatore និង Cleiton Silva មានតម្លៃសរុប ៦៣០,០០០ ផោនក្នុងចំណោមតម្លៃ ៤,៦៤ លានផោនដែលក្លឹបបានចំណាយ។

៦. Bali United FC (លីគកំពូលឥណ្ឌូណេស៊ី) តម្លៃ ៥,១៨ លានផោន

ក្លឹប Bali United បច្ចុប្បន្ននេះជាក្រុមដែលមានតម្លៃថ្លៃបំផុតក្នុងក្របខ័ណ្ឌលីគកំពូលឥណ្ឌូនេស៊ី ដោយយកឈ្នះលើគូប្រជែងក្នុងស្រុក Persib Bandung, Persija Jakarta និង PSM Makassar។ ខ្សែបម្រើប្រយុទ្ធអ៊ីរ៉ាក់ Brwa Nouri គឺជាកីឡាករដែលមានតម្លៃថ្លៃជាងគេក្នុងក្រុមដោយមានតម្លៃខ្លួន ៥៤០,០០០ ផោន ខណៈដែល William Pacheco មានតម្លៃ ៤០៥,០០០ ផោន គឺជាកីឡាករដែលមានតម្លៃខ្លួនថ្លៃទី ២ ក្នុងក្រុម។

៥. SCG Muangthong United (លីគកំពូលថៃ) តម្លៃ ៥,២២ លានផោន

Muangthong United ធ្លាប់ជាក្រុមដែលមានតម្លៃថ្លៃបំផុតទី ១ នៅអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន បច្ចុប្បន្នធ្លាក់មកចំណាត់ថ្នាក់ទី ៥ នៅដើមឆ្នាំ ២០២០ នេះ។ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិថៃ Teerasil Dangda ជាកីឡាករដែលមានតំលៃខ្លួនថ្លៃជាងគេក្នុងក្រុមមានតម្លៃ ៨១០,០០០ ផោន ហើយរូបគេទើបតែបានបញ្ចប់ការផ្លាស់ទៅកាន់ក្របខ័ណ្ឌលីគកំពូលជប៉ុន J1 League ជាមួយនឹងក្រុម Shimizu S-Pulse មុនពេលចាប់ផ្តើមរដូវកាលថ្មី។

៤. Johor Darul Ta’zim (លីគកំពូលម៉ាឡេស៊ី) តម្លៃ ៦,២៣ លានផោន

Johor Darul Ta’zim (JDT) គឺជាក្លឹបដែលមានតម្លៃខ្ពស់កប់ពពក ជាងក្លឹបដទៃទៀតនៅលីគកំពូលម៉ាឡេស៊ី។ ក្លឹបយក្សនេះបាននាំចូលខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Diogo Luis Santo ដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងសមាជិករបស់ JDT មានតម្លៃ ៧២០,០០០ ផោន ខណៈដែល Gonzalo Cabrera ឈរនៅលេខ ២ មានតំលៃ ៦៧៥,០០០ ផោន។ ក្លឹបរហស្សនាម Southern Tiger នេះជាក្លឹបតែមួយគត់ដែលឈ្នះពានលីគកំពូលម៉ាឡេស៊ី Malaysia Super League ៦ រដូវកាលជាប់ៗគ្នា។

៣. Port FC (លីគកំពូលថៃ) តម្លៃ ៦,៣២ លានផោន

Port FC បានរង់ចាំអស់រយៈពេល ៩ ឆ្នាំទើបអាចលើកពាន Thai FA Cup បានកាលពីរដូវកាល ២០១៩ ដោយបានយកឈ្នះ Ratchaburi Mitr Phol FC ដោយលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ហើយបច្ចុប្បន្នក្លឹបនេះមានតម្លៃថ្លៃបំផុតទី ៣ នៅអាស៊ីអាគ្នេយ៍ជាមួយនឹងតម្លៃ ៦.៣២ លានផោន។ ខ្សែប្រយុទ្ធជួរមុខ Heberty Fernandes ដែលមានតម្លៃ ៩០០,០០០ ផោនបានចូលរួមពីក្លឹប Muangthong United ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីដើមរដូវកាល ខណៈដែលកីឡាករអេស្ប៉ាញ Sergio Suarez គឺជាតារាដែលមានតម្លៃថ្លៃជាងគេលំដាប់ទី ២ មានតម្លៃ ៥៤០,០០០ ផោន។

២. Buriram United (លីគកំពូលថៃ) តម្លៃ ៦,៨៩ លានផោន

ឆ្នាំ ២០១៩ នេះជារដូវកាលដ៏ខកចិត្តរបស់ Buriram United ដោយរបូតពានលីគកំពូលថៃជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ ហើយពួកគេក៏បានខកខានក្នុងការចូលរួមប្រកួតពានរង្វាន់ AFC Champions League រដូវកាលនេះផងដែរបន្ទាប់ពីចាញ់ក្រុមសៀងហៃ SIPG ៣-០ ក្នុងការប្រកួតជម្រុះផ្តាច់ព្រ័ត្រ។ ទោះយ៉ាងណាជាមួយនឹងការចុះហត្ថលេខារបស់ខ្សែបម្រើការពារកូរ៉េខាងត្បូង Jeong Jae-yong ខ្សែប្រយុទ្ធអាហ្សង់ទីន Bernardo Cuesta និងខ្សែប្រយុទ្ធប្រេស៊ីល Ricardo Bueno មានតម្លៃ ៧២០,០០០ ផោន ៦៣០,០០០ និង ៤៥០,០០០ ផោនរៀងៗខ្លួនក្រុម Thunder Castles មួយនេះសង្ឃឹមថានឹងវិលត្រឡប់មកភាពខ្លាំងរបស់ខ្លួនវិញក្នុងយុទ្ធនាការរដូវកាល ២០២០។

១. True Bangkok United (លីគកំពូលថៃ) តម្លៃ ៧,៣៤ លានផោន

Bangkok United គឺជាក្រុមដែលមានតម្លៃថ្លៃបំផុតនៅអាស៊ីអាគ្នេយ៍ទាំងមូល ជាមួយនឹងតម្លៃ ៧.៣៤ លានផោន។ ខ្សែប្រយុទ្ធឆ្នើម Salvadoran Nelson Bonilla គឺជាតារាដែលមានតម្លៃថ្លៃជាងគេនៅក្នុងក្រុមជាមួយនឹងតម្លៃ ៧២០,០០០ ផោនខណៈដែល Vander Luiz គឺជាតារាដែលមានតម្លៃខ្លួនទី ២ ក្នុងតម្លៃ ៦៧៥,០០០ ផោន។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៤ នៃលីគកំពូលថៃកាលពីរដូវកាលមុន ដោយមាន ៨ ពិន្ទុតាមពីក្រោយក្រុមម្ចាស់ជើងឯក Chiangrai United។