មកស្គាល់គ្រាប់ពេជ្រ! កូនកាត់ថៃ ៤ រូប សម្ងំ​ហាត់វិជ្ជាគុនជាមួយក្លឹបល្បីៗនៅអង់គ្លេស

2850

ក្រុមបាល់ទាត់​ជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន Akira Nishino មានគោលការណ៍ស្វែងរកកីឡាករបាល់ទាត់ជាប់ខ្សែស្រឡាយថៃ ដែលកំពុងលេងនៅអឺរ៉ុប សម្រាប់យកមកចូលរួមជាមួយក្រុមជម្រើសជាតិ ដើម្បីធ្វើឱ្យប្រសើរឡើង ឫធ្វើយ៉ាងណាឲ្យក្រុមនៅអាស៊ានមួយនេះឈានដល់កម្រិតកំពូលនៅអាស៊ី និងគោលដៅឆ្លងកាត់ទៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។

នៅក្នុងឆ្នាំថ្មី ២០២០ នេះមានកីឡាករកូ​នកាត់ថៃជាច្រើន បានកំពុងបង្ហាញខ្លួនក្នុងវិស័យបាល់ទាត់អឺរ៉ុប ដែលជាទីកន្លែងប្រមូលផ្តុំទៅដោយកីឡាករមានទេពកោសល្យជាច្រើននាក់។ មិនត្រឹម​តែប៉ុណ្ណោះ​ពួកគេបានបង្កការភ្ញាក់ផ្អើលផងដែរ ក្នុងនាមជាសមាជិកក្រុមល្បីៗមួយចំនួននៅអង់គ្លេស។

ខាងក្រោម​នេះ ជាពន្លកគ្រាប់ពេជ្រដែលកំពុងស្ថិតក្នុងកែវភ្នែកអនាគតជម្រើជាតិថៃទាំង ៤ រូបដែលសហព័ន្ធបាល់ទាត់ប្រទេសនេះបង្ហាញមហិច្ឆតាចង់នាំយកមកពង្រឹងក្រុមជម្រើសជាតិ៖

១. Jude Soonsup-Bell

ខ្សែប្រយុទ្ធកូនកាត់ ថៃ-អង់គ្លេសវ័យ ១៦ ឆ្នាំ Jude Soonsup-Bell រូបគេទើបតែបង្ហាញខ្លួនជាផ្លូវការជាមួយក្រុមតោខៀវ Chelsea របស់អង់គ្លេសដោយពាក់អាវលេខ ៩ សម្រាប់ក្រុម U-18​។ ដោយមានម្តាយជាជនជាតិថៃ និងឪពុកជាជនជាតិអង់គ្លេស Jude បានជាប់ក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ១៦ ឆ្នាំ​។​

ចំណុចលេចធ្លោរបស់ខ្សែប្រយុទ្ធរូបនេះមានរាងខ្ពស់ល្បឿនលឿន កម្លាំងស៊ុតខ្លាំង និងច្បាស់។ ចំពោការដែលខ្សែប្រយុទ្ធរូបនេះ នឹងអាចលេងនៅក្នុងក្រុមជម្រើសជាតិថៃនាពេលអនាគតបាន អាស្រ័យលើការសម្រេចចិត្តរបស់រូបគេ។

២. Thanawat Suengchitthawon

Thanawat ជាខ្សែបម្រើឆ្នើមជនជាតិថៃវ័យ ២០ ឆ្នាំ រូបគេបានធ្វើឱ្យមានការចាប់អារម្មណ៍ដោយការចុះកុងត្រាផ្លាស់ទៅក្លឹប Leicester City ដែលជាអតីតក្រុមជើងឯកលីគកំពូលអង់គ្លេសជាមួយកិច្ចសន្យា ៣ ឆ្នាំ ដោយនៅតែប្រកាសផ្លូវការប៉ុណ្ណោះ។

Thanawat Suengchitthawon កើតនៅខេត្ត Suphanburi ប្រទេសថៃ មុនពេលផ្លាស់ទៅនៅបារាំងតាមម្តាយនៅអាយុ ៦ ឆ្នាំ។ គាត់ធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិបារាំង U-16, U18 ផងដែរ។​

ចំណុចលេចធ្លោរបស់គេ មានបច្ចេកទេសលេងល្អ និងមានភាពឆ្លាតវៃក្នុងការបញ្ជូនបាល់ ទន្ទឹមនឹងនេះរូបគេមានជំនាញទាត់បាល់ Freekick និងលើកជ្រុងបានល្អថែមទៀតផង។​

៣. Corbyn Murray

Corbyn Murray ជាខ្សែបម្រើប្រយុទ្ធកូនកាត់ ថៃ-អង់គ្លេស រូបគេមានវ័យត្រឹមតែ ១២ ឆ្នាំប៉ុណ្ណោះ ដែលទើបតែទទួលបានកិច្ចសន្យាថ្មីពីក្លឹបល្បីបិសាចក្រហម Manchester United ដែលក្រុមខ្លាំងមកពីលីគកំពូលអង់គ្លេសមួយនេះហ៊ានផ្តល់កុងត្រា ២ ឆ្នាំបន្តទៀតដោយសារតែបច្ចេកទេសល្បឿនរបស់គេគួរអោយចាប់អារម្មណ៍។

កីឡាករថ្នាលបិសាចក្រហម Corbyn Murray រូបគេមានម្តាយជាជនជាតិថៃ ហើយឪពុកជាជនជាតិអង់គ្លេស បានបង្ហាញភាពល្បីល្បាញក្នុងអំឡុងពេលដែលគេមានអាយុ ៨ ឆ្នាំបានទាត់បាល់ Freekick ពីចម្ងាយកោងចូលទីយ៉ាងស្អាត រហូតទទួលបានរហស្សនាមថា“ Backhem តូច” ហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើនចង់នៅអឺរ៉ុបផងដែរ។

៤. Benjamin James Davis

លោកអ្នកប្រហែលជាធ្លាប់បានស្គាល់ និងដឹងរួចមកហើយអំពី Benjamin James Davis រូបគេមានវ័យ ១៩ ឆ្នាំជាកីឡាករសំខាន់នៅ U23 របស់ក្លឹប Fulham អង់គ្លេស។ រូបគេទើបតែត្រូវបានចុះហត្ថលេខារយៈពេល ២ ឆ្នាំទៀតជាមួយក្លឹប។​

Davis គឺជាកីឡាករបាល់ទាត់ដែលមានជំនាញខ្ពស់ម្នាក់ ដែលអាចជ្រើសរើសបាន ៣ សញ្ជាតិរួមទាំងសញ្ជាតិវេលស៍ផងដែរ។ រូបគេមានឪពុកជាជនជាតិសិង្ហបុរី និងម្តាយជាជនជាតិថៃ។

កាលពីកន្លងទៅ រូបគេក៏ធ្លាប់បានគ្រូបង្វឹកជប៉ុនលោក Akira Nishino បញ្ចូលក្នុងបញ្ជីក្រុមជម្រើសជាតិថៃអាក្រោម ២៣ ឆ្នាំ ដែលបានបង្កើតប្រវត្តិសាស្រ្តឈានដល់វគ្គ ៨ នៃពានរង្វាន់អាស៊ី។