មនុស្សដែលមានឥទ្ធិពល នៅពីក្រោយការដោះដូរកីឡាកររបស់ Man Utd

253

ស្របពេលដែលទីផ្សារដោះដូរកីឡាករ កំពុងដំណើរការ ខាងក្លឹប Manchester United ក៏បានទិញចូលកីឡាករថ្មីៗជាបន្តបន្ទាប់ ហើយគេក៏គ្រោងនឹងទិញថ្មីថែមទៀតផងដែរ។

ប៉ុន្តែតើលោកអ្នកដឹងទេ ថាតើអ្នកណាគេជាមនុស្សសំខាន់ នៅពីក្រោយការសម្រេចចិត្តទិញកីឡាករថ្មីៗ ចូលក្លឹប Manchester United?

សារព័ត៌មាន Sky Sports បានរៀបរាប់ពីនិតិវិធីទិញកីឡាកររបស់ Man Utd យ៉ាងដូច្នេះថា៖

ជុំវិញពិភពលោក ក្លឹប Manchester United មានភ្នាក់ងារចំនួន ៥០នាក់ ដើម្បីតាមដានពីគ្រប់កីឡាករទាំងអស់។ ហើយក្នុងប្រទេសសំខាន់ៗ ដូចជា អាល្លឺម៉ង់ និងបារាំង គឺភ្នាក់ងាររបស់ United ត្រូវបែកចែកជាច្រើនក្រុម ដែលគ្រប់គ្រងដោយភ្នាក់ងារពិនិត្យកីឡាករយ៉ាងជំនាញ។

នៅពេលដែលឃើញកីឡាករណាម្នាក់ ដែលមានលក្ខណៈសមស្របទៅតាមការចង់បានរបស់ក្លឹប ពួកភ្នាក់ងារទាំងនោះ ត្រូវរាយការណ៍មកកាន់ប្រធានគ្រប់គ្រងភ្នាក់ងារធំ ដែលបម្រើការក្នុងក្លឹបបិសាចក្រហមជាយូរមកហើយ គឺលោក Jim Lawlor។

កាលពីឆ្នាំ ២០១៦ ក្លឹបបានរៀបចំរចនាបទជាថ្មី ហើយបន្ថែមលោក Steve Brown ពីក្លឹប Everton ឲ្យក្លាយជាអ្នកសម្របសម្រួលជួយមើលការខុសត្រូវដល់គ្រប់ភ្នាក់ងារទាំងអស់។ ចំណែកលោក John Murtough ដែលជាប្រធានផ្នែកអភិវឌ្ឍន៍ក្នុងក្លឹប United ក៏ជាបុគ្គលដែលមានសម្លេងដ៏សំខាន់ម្នាក់ ក្នុងការសម្រេចចិត្តចុះកុងត្រាកីឡាករថ្មីៗផងដែរ។

នៅពេលដែលលោក John Murtough ទទួលស្គាល់កីឡាករណាម្នាក់ហើយ គាត់ត្រូវផ្តល់ដំណឹងនេះ ទៅដល់លោក Matt Judge ដែលជាប្រធានសម្រួលសម្រួលក្នុងក្លឹប។ លោក Judge គឺជាមនុស្សម្នាក់ដែលជិតស្និទ្ធិនឹងនាយកប្រតិបត្តិការរបស់ក្លឹប គឺលោក Ed Woodward។ ហើយប្រសិនបើ United ចង់ធ្វើកុងត្រាថ្មី ជាមួយកីឡាករណាម្នាក់ គឺលោក Judge ត្រូវតែរៀបចំការចរចាជាមួយនឹងអ្នកតំណាងកីឡាករ។

ដូច្នេះ ជារួមមានន័យថា លោក Jim Lawlor គឺជាប្រធានភ្នាក់ងារតាមដានកីឡាករ បន្ទាប់ពីតាមដានបានហើយ ត្រូវយកដំណឹងពីកីឡាករ មករាយការណ៍ប្រាប់លោក Steve Brown និងលោក John Murtough។ ហើយនៅពេលដែលលោកទាំង ២នេះ ពេញចិត្ត គាត់ត្រូវណែនាំកីឡាករនោះ មកកាន់លោក Matt Judge ដែលជាមនុស្សជំនិតរបស់នាយកប្រតិបត្តិក្លឹបលោក Ed Woodward។ ហើយនៅពេលដែលលោក Judge យល់ថាកីឡាករណាល្អ លោក Woodward មានភាគរយច្រើនក្នុងការគាំទ្រគំនិតលោក Judge។

ទាំងនេះ គឺជានីតិវិធីនៃការទិញចូលកីឡាករថ្មីៗរបស់ Man Utd ប៉ុន្តែជាមួយគ្នា គេក៏មានដំណាក់កាលពិភាក្សាជាមួយគ្រូបង្វឹក និងស្តាប់រាល់មតិផ្សេងៗក្នុងក្លឹបផងដែរ។ ប៉ុន្តែរាល់ការសម្រេចចិត្តគ្រប់យ៉ាង គឺមានតែបុគ្គលសំខាន់ៗខាងលើ ទើបមានសម្លេងខ្លាំងក្នុងក្លឹប៕