ដូចដែលធ្លាប់បានដឹងរួចមកហើយ សម្លៀកបំពាក់កីឡាករមានតម្លៃថ្លៃ ហេតុនេះ ការបោះបង់សម្លៀកបំពាក់ទាំងនោះចោលក្រោយចប់ការប្រកួត ជាការខាតបង់មួយយ៉ាងធំសម្រាប់ក្លឹប។
ដូច្នេះ ក្លឹបនីមួយៗសុទ្ធតែបោកគក់សម្លៀកបំពាក់ទាំងនោះប្រើឡើងវិញទាំងអស់។ ក្នុងមួយប្រកួត កីឡាករម្នាក់ៗត្រូវការយ៉ាងហោចណាស់សម្លៀកបំពាក់ ១កំប្លេរ និងស្បែកជើង ២គូ។ យោងតាមរយៈសារព័ត៌មាន Fox Sport បានយកក្លឹប Barcelona មកធ្វើជាឧទាហរណ៍ដោយផ្អែកលើវីដេអូឯកសារមួយដែលមានឈ្មោះថា៖ “Pros behind the pros” ដែលលើកយកចំណុចនេះមកបរិយាយ។
កីឡាករម្នាក់ៗត្រូវការសម្លៀកបំពាក់កីឡា ៣កំប្លេរសម្រាប់ថ្ងៃប្រកួតនីមួយៗ។ វីដេអូឯកសារ “Pros behind the pros” បានលើកឡើងថា៖ “យើងប្រមូលសម្លៀកបំពាក់ទាំងនោះទុកមួយកន្លែង បន្ទាប់មកក្រុមការងារបោកគក់នឹងមកប្រមូលសម្លៀកបំពាក់ទាំងនោះទៅបោកសម្អាត សម្ងួតរួចយកមកឱ្យពួកយើងវិញ”។
“ក្នុងការធ្វើដំណើរប្រកួតដែលមាន ២-៣ប្រកួតនៅក្រៅប្រទេសអេស្ប៉ាញ យើងត្រូវយកតាមខ្លួនសម្លៀកបំពាក់ ៤កំប្លេរសម្រាប់ប្រកួត និង ៤កំប្លេរទៀតសម្រាប់ហ្វឹកហាត់”។