មិនដាច់ស្រេច! ខាងក្លឹបថាយកវៀតណាម តែអ្នកគាំទ្រថា NO គួរយកខាងថៃ

334

អ្នកគាំទ្រក្លឹបបាល់ទាត់ Jeonbuk Hyundai Motors បានបង្ហាញចំណាប់អារម្មណ៍ទៅកាន់ថ្នាក់ដឹកនាំរបស់ក្លឹបថា ពួកគេចង់បានខ្សែការពារថៃ Kevin Deeromram ជាជាងខ្សែការពារវៀតណាម Doan Van Hau ដើម្បីមកចូលរួមក្រុម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយទាំងវៀតណាម និងកូរ៉េខាងត្បូងកាលពីចុងខែវិច្ឆិការកន្លងទៅបានរាយការណ៍ថាក្លឹបក្របខ័ណ្ឌ K-League, Jeonbuk Hyundai កំពុងពិចារណាក្នុងការចុះហត្ថលេខាលើកីឡាកររបស់ក្លឹប Hanoi FC និងក្រុមជម្រើសជាតិវៀតណាម Doan Van Hau  ដើម្បីយកមកចូលរួមក្រុមត្រៀមសម្រាប់រដូវកាលថ្មី ២០២១ ។

ទន្ទឹមជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងផ្សេងទៀត ក៏បានចុះផ្សាយអត្ថបទមតិរបស់អ្នកគាំទ្រទាក់ទងនិងចំណូលថ្មីទាំងពីរខាងលើ ដោយពួកគេបានណែនាំថាក្រុមមិនគួរណាជ្រើសយក Van Hau ឡើយគួរណាស់តែ Kevin Deeromram របស់ថៃជាគោលដៅផ្ទេរជំនួសវិញប្រសើរជាង។

មតិពីអ្នកគាំទ្រផ្សេងទៀតក៏បានបញ្ជាក់បន្ថែមស្រដៀងគ្នាទៀតថា Kevin ជាកីឡាករឆ្នើមមួយរូប មានកម្ពស់ល្អគួរសម ហើយនៅវ័យក្មេងត្រឹមតែ ២៣ ឆ្នាំអ្វីដែលសំខាន់គឺរូបគេអាចគ្រប់គ្រងបាល់បានល្អ ហើយល្បឿនវាយសម្រុកគឺប្រសើរជាង Van Hau ។

គួរដឹងផងដែរថា Kevin Deeromram ជាកូនកាត់ថៃ-ស៊ុយអែរ រូបគេលេងក្នុងតំណែងខ្សែការពារស្លាបឆ្វេងដ៏សំខាន់ម្នាក់នៅក្លឹបលីគកំពូលថៃ Port FC ។ សមាជិកក្រុមជម្រើសជាតិថៃអាយុក្រោម ២៣ ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្រុមជម្រើសស៊ុយអែត អាយុក្រោម ១៧-១៩ ឆ្នាំ ។