មិនដឹងវៀតណាមចង់លេងក្បាច់អី! បានយកសំលេងហ៊ោរបស់ក្រុម Ultras ម៉ាឡេស៊ីទៅចាក់អំឡុងពេលហ្វឹកហាត់

80

ក្រុមជម្រើសជាតិជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ បានចាប់ផ្តើមហ្វឹកហាត់បណ្តើរៗហើយ ដើម្បីត្រៀមការប្រកួតវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ World Cup ២០២២ នឹង Asian Cup ២០២៣ ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។

ក្នុងនោះមានវៀតណាម និងថៃ ជាដើមដែលស្ថិតក្នុងពូល G ជាមួយម៉ាឡេស៊ីដែលក្រុមទាំងពីរនេះបានចាប់ផ្តើមប្រមូលកីឡាករ និងចាប់ផ្តើមហ្វឹកហាត់។

ទោះយ៉ាងណាក្រុមវៀតណាមដែលដឹកនាំដោយ Park Hang-seo បានចាប់ផ្តើមហ្វឹកហាត់ជាមួយនឹងបរិយាកាសដ៏ចម្លែកមួយ គឺពួកគេបានយកសម្លេងស្រែកច្រៀង ឬស្រែកអបអររបស់ក្រុមអ្នកគាំទ្រម៉ាឡេស៊ី ដែលមានឈ្មោះថា Ultras Malaya ដើម្បីជាការកំដរពួកគេអំឡុងពេលហ្វឹកហាត់។

គេនៅមិនទាន់ដឹងច្បាស់អំពីកត្តាចំបងដែលហេតុអ្វីបានជាម្ចាស់ជើងឯកពានរង្វាន់ AFF Suzuki Cup ឆ្នាំ ២០១៨ បានជ្រើសយកពិធីហ្វឹកហាត់របៀបនេះទេ។

មានមនុស្សជាច្រើនគិតថាវៀតណាម ទំនងចង់ឲ្យកីឡាកររបស់ខ្លួនហាត់ពត់ស្មារតី នឹងសតិអារម្មណ៍ពីការរំខានដោយសម្លេងអ្នកគាំទ្រម៉ាឡេស៊ីនៅពេលការលេងទល់ក្រុមម្ចាស់ផ្ទះនៅពហុកីឡដ្ឋានជាតិ Bukit Jalil នៅឆ្នាំក្រោយ។

ទោះយ៉ាងណាករណីនេះប្រហែលជាមិនអាចកើតឡើងនោះឡើយ ព្រោះថាកត្តា Covid-19 នៅតែមិនអាចឲ្យម៉ាឡេស៊ីបើកទ្វារអនុញ្ញាតឲ្យមានអ្នកគាំទ្រលើសពីសមត្ថភាពជាក់ស្តែងនៃពហុកីឡាដ្ឋានឡើយ ។