ក្លឹបយក្សរបស់លីគកំពូលថៃ Buriram United បានប្រកាសជាផ្លូវការទិញបានកីឡាករបរទេសថ្មី ៣ រូប ដើម្បីយកមកពង្រឹងក្រុមត្រៀមរដូវកាលថ្មី ២០២០ខាងមុខ។
កីឡាករចំណូលថ្មីទាំងនោះរួមមានខ្សែប្រយុទ្ធមកពីទ្វីបអាមេរិកខាងត្បូង ២ រូបគឺ Ricardo Bueno និង Bernardo Cuesta រួមជាមួយខ្សែបម្រើការពារអាស៊ីមកពីកូរ៉េខាងត្បូង ១ រូបកីឡាករ Jung Jae-yong ។
កីឡាករ Ricardo Bueno មានវ័យ ៣២ ឆ្នាំផ្ទេរពីក្លឹប Centro Sportivo Alagoano របស់ប្រេស៊ីល ខ្សែប្រយុទ្ធរូបនេះមានបទពិសោធន៍លេងច្រើនក្លឹបដូចជា FC Nordsjaelland របស់ដាណឺម៉ាកនិង Seongnam FC កូរ៉េខាងត្បូងជាដើម។

ទន្ទឹមនឹងនេះដែរ កីឡាករ Bernardo Cuesta ដែលមានវ័យ ៣០ ឆ្នាំ សញ្ជាតិអាហ្សង់ទីន ផ្ទេរពីក្រុម FBC Melgar របស់ប្រទេសប៉េរូ ជាខ្សែប្រយុទ្ធដែលក្លឹប Buriram យកមកជំនួសតំណែង Diogo Luis Santo ដែលបានចាកចេញទៅ Johor Darul Ta’zim នៅចុងរដូវកាល ២០១៨ ។

ចំណែកខ្សែបម្រើការពាររបស់កូរ៉េខាងត្បូង Jung Jae-yong ផ្លាស់មកពីក្របខណ្ឌ K League 1 ក្លឹប Pohang Steelers មានវ័យ ២៩ ឆ្នាំធ្លាប់លេងឲ្យក្លឹប Ulsan Hyundai និង FC Anyang ហើយជាលើកទី ១ ហើយដែលគេផ្លាស់ចេញពីទឹកដីកូរ៉េខាងត្បូងដើម្បីលេងនៅបរទេស។

គួររំលឹកថាក្រុម Buriram United បានត្រឹមជើងឯករងប៉ុណ្ណោះកាលរដូវកាលឆ្នាំ ២០១៩ ខណៈពួកគេចាញ់គ្រាប់បាល់ចំណេញក្រុមម្ចាស់ជើងឯក Chiangrai United ក្នុងក្របខ័ណ្ឌ Thai League 1 ក៏ដូចជាការខកខានក្នុងការឈ្នះពាន Thai FA Cup និង Thai League Cup ក្នុងរដូវកាលតែមួយផងដែរ។