យល់ឃើញ​ម៉េច! Oscar ថាបើសិនជាអាច.. ខ្លួនចង់លេងឲ្យក្រុមជម្រើសជាតិចិន

2336

ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល Oscar ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបលីគកំពូលចិន Shanghai SIPG បាននិយាយថា បើសិនជាអាចខ្លួនចង់លេងឲ្យក្រុមជម្រើសជាតិចិន។​

កីឡាករ​វ័យ ២៨ ឆ្នាំយល់ឃើញថាការវិលទៅលេងឲ្យជម្រើសជាតិប្រេស៊ីលវិញ ហាក់មានការប្រកួតប្រជែងខ្ពស់។​

ក្រោយថ្លែងបែបនេះ មន្ត្រី​ជាន់ខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់ចិនលោក Liu Yi  បានមានប្រសាសន៍ថា យោងតាមគោលការណ៍ច្បាប់របស់ FIFA អតីត​កីឡាករ Chelsea និងមិនអាចលេងតំណាងឲ្យប្រទេសចិនបានទេ ព្រោះរូបគេធ្លាប់បានបង្ហាញមុខនៅក្នុងការប្រកួតប្រជែងសម្រាប់ប្រទេសប្រេស៊ីលរួចមកហើយ រួមទាំងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៤។

ក្នុងរឿងនេះលោក Liu Yi ក៏មានការអស់សំណើរផងដែរ ចំពោះមជ្ឍដ្ឋានជុំវិញដែលយល់ឃើញថាប្រទេសចិនមានមហិច្ឆតាប្រែក្លាយក្រុមជម្រើសជាតិរបស់ខ្លួនជាក្រុមប្រេស៊ីលយ៉ាងឆាប់រហ័សដើម្បីមានឱកាសឈានទៅប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា។

សម្រាប់​ក្រុមជម្រើស​ជាតិចិនបច្ចុប្បន្ន មានកីឡាករដើមកំណើតប្រេស៊ីល ២ រូបហើយគឺ Elkeson និង Aloisio ដែលពួកគេបានលេងឲ្យក្រុមក្នុងការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២២។