រកឃើញ ៤ ក្រុមត្រៀមព្រលះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Hun Sen Cup

76

ភ្នំពេញក្រោន, ណាហ្គាវើលដ៍, ព្រៃវែង និងវិសាខា បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២០ ក្រោយទទួលបានជ័យជម្នះលើគូប្រកួតរៀងៗខ្លួននៅវគ្គ ៨ ក្រុមចុងក្រោយ ។

ក្រុមជើងឯក ២ សម័យភ្នំពេញក្រោនបានទម្លាក់គិរីវង់សុខសែនជ័យដោយបាល់សរុប ៤-២ នៅថ្ងៃពុធ ទី០៧ ខែតុលា ពោលឈ្នះ ២-១ ទាំងនៅ Smart RSN និងកីឡដ្ឋានគិរីវង់ ខេត្តតាកែវ។

មួយគូទៀតនៅថ្ងៃពុធដដែល ណាហ្គាវើលដ៍បានយកឈ្នះព្រះខ័នរាជស្វាយរៀងនៅខេត្តស្វាយរៀង ១-២ ជើងទី ២ ធ្វើឲ្យលទ្ធផលសរុប គឺក្រុមលោក មាស ចាន់ណា ឈ្នះ ៣-២ លើក្រុមលោក Conor Nestor ។ កាលជើងទី ១ នៅកីឡដ្ឋានខេមរភូមិន្ទ ក្រុមទាំងពីរស្មើគ្នា ១-១ ។

សម្រាប់លទ្ធផលនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ខេត្តព្រៃវែងបានវាយបកតាមស្មើកងយោធពលខេមរភូមិន្ទ ដោយបាល់សរុប ៤-៤ ពោលជើងទី ២ លើដីខ្លួនឯងបានយកឈ្នះ ៤-៣ ក្រោយចាញ់នៅស្តាតចាស់ ១-០ ។ ក្នុងការកាត់សេចក្ដី ១១ ម៉ែត្រ ព្រៃវែងឈ្នះ ៥-៤ លើកងយោធពលខេមរភូមិន្ ទ។

គូចុងក្រោយនៅថ្ងៃព្រហស្បតិ៍ មានការទាត់បញ្ចូលទីគ្នាទៅវិញទៅមកយ៉ាងច្រើន ដោយវិសាខាស្មើគ្នា ៣-៣ ជាមួយក្រុមការពារជើងឯកបឹងកេត ធ្វើឲ្យលទ្ធផលសរុបទាំង ២ ជើង គឺក្រុមទាំងពីរស្មើគ្នា ៤-៤។ ជាលទ្ធផល គឺវិសាខាបានយកឈ្នះបឹងកេតដោយលទ្ធផលកាត់សេចក្ដី ៤-៣ ។

ចំពោះកាលបរិច្ឆេទប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺភ្នំពេញក្រោនត្រូវជួបណហា្គវើលដ៍ នៅថ្ងៃទី ២១ ខែតុលា និងវិសាខាប៉ះខេត្តព្រៃវែងនៅថ្ងៃទី ២២ ខែតុលា។ ការប្រកួតទាំងពីរប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិដូចគ្នា៕

អត្ថបទ៖ CNCC