ក្រុមការពារតំណែងជើងឯក Al Hilal SFC ស្ថិតក្នុងពូល B នៃការប្រកួតក្របខណ្ឌក្លិបកំពូលអាស៊ីAFC Champions League ឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់ការចាប់ឆ្នោតនៅ AFC House ក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារម្សិលមិញ។
Al Hilal របស់អារ៉ាប់ប៊ីសាអូឌីតដែលបានផ្តួល Urawa Red Diamonds របស់ជប៉ុនដើម្បីលើកពានរង្វាន់ឆ្នាំ២០១៩ នេះស្ថិតក្នុងពូលជាមួយក្លិប ShababAl Ahli Dubai (អារ៉ាប់រួម), Pakhtakor (អ៊ូសប៊ែគីស្ថាន) និងអ្នកឈ្នះនៃការប្រកួតជម្រុះ Play-Off។ Al Sadd SC មកពីប្រទេសកាតាដែលជាអ្នកឈ្នះក្នុងឆ្នាំ២០១១ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅឆ្នាំ២០១៩ ស្ថិតក្នុងពូលជាមួយ Sepahan FC (អ៊ីរង៉), Al Nassr (អារ៉ាប៊ីសាអ៊ូឌីត) និងអ្នកឈ្នះនៃការប្រកួតជម្រុះក្នុងពូល D។ ជើងឯក ២សម័យ Guangzhou Evergrande របស់ចិនត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល G ជាមួយក្លិបកូរ៉េ Suwon Bluewings, ក្លិបម៉ាឡេស៊ី Johor DarulTa’Zim និងអ្នកឈ្នះក្នុងវគ្គជម្រុះ។
ចំណែកក្លិបកូរ៉េ Jeonbuk Hyundai Motors ដែលជាជើងឯកឆ្នាំ២០០៦ និង ២០១៦ ស្ថិតក្នុងពូល H ជាមួយ Yokohama F.Marinos របស់ជប៉ុន, Sydney FC របស់អូស្ត្រាលី និងអ្នកឈ្នះ play-off ខណៈដែល Ulsan Hyundai FC ដែលជាជើងឯកនៅឆ្នាំ២០១២ ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូលជាមួយ Shanghai Shenhua FC របស់ចិន, Perth Glory របស់អូស្ត្រាលី និងអ្នកឈ្នះវគ្គជម្រុះក្នុងពូល F៕