ល្បី! ក្រុមជប៉ុន​ Cerezo Osaka ចង់ទិញអ្នកចាំទី Dang Van Lam ពី Muangthong United

92

តាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Hochi បានបង្ហើបឱ្យដឹងថាក្រុម J-League 1, Cerezo Osaka កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកអ្នកចាំទីកូនកាត់វៀតណាម-រុស្ស៊ី Dang Van Lam ពីក្លឹបថៃ SCG Muangthong United ដើម្បីចូលរួមនៅរដូវកាល ២០២១ ។

ប្រភពខាងលើបានរាយការណ៍ថា សមត្ថភាពរបស់ Van Lam ត្រូវបានក្រុមជប៉ុនមួយនេះ ទទួលស្គាល់តាំងពីរូបគេលេងឲ្យក្រុមជម្រើសជាតិវៀតណាម ប្រកួតចាញ់ក្រុមសាម៉ូរ៉ៃខៀវ ១-០ ក្នុងអំឡុងព្រឹត្តិកាណ៍ Asian Cup ២០១៩ វគ្គ ៨ ក្រុមចុងក្រោយមកម្លេះ ។

ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើងមែន អ្នកចាំទីវ័យ ២៧ ឆ្នាំនឹងក្លាយជាកីឡាករវៀតណាមទី ៤ ដែលលេងនៅ J.League ។ ក្រៅពីនេះ សារព័ត៌មាន Hochi ក៏បានបន្ថែមឲ្យដឹងផងដែរថាវាជាសញ្ញាល្អមួយដែលក្លឹប Cerezo Osaka កំពុងយកចិត្តទុកដាក់ ចំពោះកីឡាករនៅតំបន់អាស៊ីអាគ្នេយ៍ ។

គួរដឹងថា Van Lam បានចូលរួមជាមួយក្រុមលីគកំពូលថៃ SCG Muangthong United ក្នុងរដូវកាល ២០១៩ រហូតមកដល់បច្ចុប្បន្ន រូបគេបង្ហាញខ្លួនបាន ៤២ ប្រកួតហើយ ។