សល់តែមួយជំហានទៀត Wolves និងឈានទៅដល់វគ្គចាប់ពូល Europa League ហើយ

361

ក្រុមចចកខ្មៅ Wolves បានបោះជំហានកាន់តែជិតឈានដល់វគ្គចែកពូលនៃពានរង្វាន់ Europa League ជាលើកដំបូងខណៈដែលខ្សែប្រយុទ្ធ Raul Jimenez រកបាន ២ គ្រាប់ក្នុងលទ្ធផល ៤-០ លើក្រុម Pyunik របស់អាមេនីក្នុងការប្រកួតជម្រុះជុំទី ៣ ជើងទី ១ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមរបស់លោក Nuno Espirito Santo ដែលអាចឈានទៅវគ្គជម្រុះបានដោយសារបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៧ នៃក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ក្នុងនាមជាក្លិបដែលទើបឡើងមកពីក្របខណ្ឌ Championship។

ខ្សែការពារស្លាប Matt Doherty ដែលរកបាន ៨ គ្រាប់កាលពីរដូវកាលមុនបានចាប់ផ្តើមរកគ្រាប់បាល់នាំមុខនៅនាទី ២៩’ មុនពេលកីឡាករ Jimenez រកបាន ២គ្រាប់ភ្លាមៗត្រឹមពេល ៤ នាទីមុនបញ្ចប់តង់ទី ១។ ឈានជិតចប់ការ​ប្រកួតនាទី ៩០’ ខ្សែបម្រើ Ruben Neves ក៏បន្ថែមមួយគ្រាប់ទៀតតាមរយៈបាល់ពិន័យ ​១១ម៉ែត្រ​។​

ក្រុមចចកខ្មៅ Wolves ដែលធ្លាប់ធ្លាក់ក្រោមស្នាដៃក្រុម Tottenham ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Cup កាលពីឆ្នាំ ១៩៧២ នោះនិងអាចមានឱកាសលេងក្នុងពានអឺរ៉ុបនេះលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨០ មកដោយទំនងត្រូវប្រឈមមុខនឹងការប្រកួតដ៏លំបាកមួយជាមួយក្រុម Torino របស់អ៊ីតាលីប្រសិនបើពួកគេអាចផ្តួល Pyunik បាននៅជើងទី ២ ហើយ Torino ផ្តួល Shakhtyor របស់បេឡារ៉ូស។

ប្រភព៖ Supersport